ខេត្តកណ្តាល ៖ នារីរូបស្រស់ប្រិមប្រិយវ័យ១៩ឆ្នាំម្នាក់ដែលបម្រើការងារនៅហាងខារ៉ាអូខេ មហាអង្គរក្នុងក្រុងតាខ្មៅ បានស្វះស្វែងរកស្ថាប័នច្បាប់ឱ្យជួយរកយុត្តិធម៌ដល់រូបនាង បន្ទាប់ពីត្រូវភ្ញៀវអគតិបង្ខំឱ្យផឹកស្រាស្រវឹងពេលនាងអង្គុយកំដរ រួចចាប់អូសដៃនាងចេញពីបន្ទប់ទៅកន្លែងស្ងាត់ហើយចាប់នាងប៉ុនប៉ងរំលោភ ប៉ុន្តែត្រូវបានមិត្តភក្តិជួយទាន់ កុំអីក្លាយជាចំណីប្រុសព្រាននោះបាត់ទៅហើយ ។
នៅព្រឹកថ្ងៃទី២៩ មិថុនា នារីរូបនេះដែល មានស្រុកកំណើតនៅឃុំ កោះខ្សាច់់ទន្លា ស្រុកស្អាង បានមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដើម្បីឱ្យប៉ូលិសជួយរកយុត្តិធម៌ឱ្យដោយនាងអះអាងថា បន្ទាប់ពីនាងដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ កាលពីថ្ងៃទី១៤ មិថុនា រហូតមកដល់ថ្ងៃទី២៩ មិថុនា មិនទាន់បានជួយរកយុត្តិធម៌ឱ្យនាងនៅឡើយ ទើបពេលនេះនាងមកប្តឹងខាងប៉ូលិសទៀត ។ នាងក៏បានចោទប្រកាន់ម្ចាស់ហាងខារ៉ាអូខេមហាអង្គរ និងមេការថា បានគំរាមគំហែងរូបនាងមិនឱ្យប្តឹងបុរសជាភ្ញៀវដែលប៉ុនប៉ងចាប់រំលោភនាង ព្រោះខ្លាចភ្ញៀវខឹងលែងចូលមកច្រៀងនៅក្នុងហាងនេះទៀត ។
នាងបានរៀបរាប់ថា ហេតុការណ៍ភ្ញៀវប៉ុនប៉ងចាប់រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ មិថុនា កន្លងមក នៅហាងខារ៉ាអូខេមហាអង្គរក្នុងក្រុងតាខ្មៅ ជាន់ទី៣ ដែលជាកន្លែងស្ងាត់ ។ នៅយប់កើតហេតុនោះ ភ្ញៀវប្រុសៗមួយក្រុមគ្នា៥នាក់បានមកច្រៀង និងផឹកស្រានៅហាងមហាអង្គរក្នុងបន្ទប់ខារ៉ាអូខេមួយនៅជាន់ទី២ ។ ពេលនោះមានភ្ញៀវម្នាក់បានជ្រើសរើសយកនាងធ្វើជាដៃគូកំដររបស់គេ និងបានបង្ខំនាងឱ្យផឹកស្រាបៀរជាមួយរហូតស្រវឹងជោកជាំព្រោះតែនាងចង់បាន«លុយធីប»មិនហ៊ានប្រកែកជាមួយភ្ញៀវឡើយ ។ លុះដល់ម៉ោង១១យប់ ភ្ញៀវម្នាក់នោះបានចាប់អូសដៃនាងចេញមកខាងក្រៅបន្ទប់ ហើយចាប់នាងខ្ទប់មាត់ និងអូសដៃនាងពីជាន់ទី២ឡើងទៅជាន់ទី៣ដែលជាកន្លែងស្ងាត់ និងគំរាមមិនឱ្យនាងស្រែក ។ ពេលនោះបុរសម្នាក់នេះបានធ្វើសកម្មភាពចាប់នាងក្នុងបំណងរំលោភ ប៉ុន្តែសំណាងល្អមិត្តភក្តិធ្វើការជាមួយគ្នាបានមើលឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពក៏នាំគ្នាមកជួយនាងឱ្យរួចផុតពីក្រញាំដៃប្រុសព្រាននោះ ។
នាងបានរៀបរាប់ទៀតថា នាងមិនបានស្គាល់ឈ្មោះបុរសនោះទេ តែមានអាយុប្រហែល៣០ឆ្នាំ និងមានទីលំនៅក្នុងឃុំទឹកវិល ស្រុកស្អាង ផ្ទះនៅម្តុំវត្តក្បាលកោះ មុខរបរជាអ្នកជួញអំពៅ ។ ក្រោយពីកើតហេតុ នាងបានមកប្រាប់មេការប្រុសម្នាក់ឈ្មោះ ជា ដែលមើលការខុសត្រូវក្នុងហាងនេះ តែមេការមិនត្រឹមតែមិនជួយរកយុត្តិធម៌ឱ្យនាងទេ ថែមទាំងនិយាយកាន់ជើងភ្ញៀវថែមទៀត និងមិនបានឃាត់ភ្ញៀវម្នាក់នោះឱ្យនិយាយវែកញែករកខុសត្រូវឱ្យនាងឡើយ ។ មិនតែប៉ុណ្ណោះ ម្ចាស់ហាងមហាអង្គរក៏បានគំរាមរូបនាងមិនឱ្យប្តឹងបុរសនោះទេព្រោះជាម៉ូយធ្លាប់ចូលច្រៀងញឹកញាប់ ខ្លាចភ្ញៀវខឹងនិងឱ្យភ្ញៀវម្នាក់នោះចេញទៅបាត់ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ឯនាងជាស្ត្រីទន់ខ្សោយមិនមានលទ្ធភាពរកសមត្ថកិច្ចជួយបានភ្លាមៗ ចំណែកប៉េអឹមដែលនៅយាមទីនោះក៏ជាកូនចៅរបស់ម្ចាស់ហាងទៀត ។
នារីរងគ្រោះបានរៀបរាប់ទៀតថា រហូតដល់ថ្ងៃទី១៤ មិថុនាទើបនាងសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីឱ្យជួយរកយុត្តិធម៌ឱ្យ រហូតមកដល់ថ្ងៃទី២៩ មិថុនា នៅតែមិនទាន់ចាត់ការ ទើបនាងមកកាន់ការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តដើម្បីធ្វើពាក្យបណ្តឹងថ្មីទៀតប្តឹងមេការឈ្មោះ ជា និងម្ចាស់ហាងខារ៉ាអូខេមហាអង្គរឈ្មោះ ទិត្យ សុវ៉ាត ។
ទាក់ទងនឹងករណីនេះលោក ហ៊ាង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ករណីប៉ុនប៉ងរំលោភនៅហាងខារ៉ាអូខេមហាអង្គរ ក្រុងតាខ្មៅគឺនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅកន្លែងលោកកាលពីថ្ងៃទី១៤ មិថុនា ក្រោយពេលកើតហេតុ ប៉ុន្តែនាងមិនស្គាល់ឈ្មោះ និងទីលំនៅពិតប្រាកដរបស់បុរសនោះទេ ទើបការចាត់ការក្នុងរឿងនេះមានការពិបាក និងយឺតយូរ ប៉ុន្តែលោកនឹងបញ្ជូនសំណុំរឿងនេះទៅថ្នាក់លើបន្តទៀត ។ ចំណែកម្ចាស់ហាងខារ៉ាអូខេ មហាអង្គរបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទដែរថា ចំពោះករណីខាងលើដែលថាមានភ្ញៀវប៉ុនប៉ងរំលោភនារីបម្រើការងារគឺមានពិតមែន ។ ក្រោយពីកើតហេតុ មេការហាងបានហៅនារីរងគ្រោះនិងបុរសនោះមកធ្វើការសម្របសម្រួលគ្នា ហើយនាងក៏យល់ព្រមតាមការសម្រួលនោះដែរ គឺមិនប្តឹងប្តល់គ្នាទេ ទើបយើងព្រមឱ្យបុរសនោះចេញទៅ ឯរឿងនាងដាក់ពាក្យប្តឹងបុរសនោះ គឺនាងជឿតាមការញុះញង់របស់គេតែប៉ុណ្ណោះ ហើយបើនាងចង់ប្តឹងគឺជាសិទ្ធិរបស់នាង ។
នារីរងគ្រោះប្រាប់ឱ្យដឹងថា ពេលនេះនាងឈប់ធ្វើការងារនៅទីនោះទៀតហើយ ព្រោះតែថៅកែ និងមេការមិនជួយរកយុត្តិធម៌ឱ្យនាងគឺលំអៀងទៅខាងភ្ញៀវ បើទោះបីភ្ញៀវចូលមកផឹកស្រវឹងប្រើអំពើអនាចារមកលើនារីបម្រើការងារយ៉ាងណាក្តីក៏នៅតែកាន់ជើងលំអៀងទៅខាងភ្ញៀវដែរ ក្នុងបំណងចង់តែទាក់ទាញភ្ញៀវប៉ុណ្ណោះមិនខ្វល់ពីអ្វីទាំងអស់ ។
មន្ត្រីប៉ូលិសខេត្តកណ្តាលនិយាយថា បើសិនជាខាងម្ចាស់ហាងខារ៉ាអូខេមហាអង្គរ សហការជាមួយប៉ូលិសបើកកាមេរ៉ាសុវត្ថិភាពមើល ប្រាកដជាឃើញមុខបុរសនោះ និងងាយស្រួលចាត់ការតាមផ្លូវច្បាប់មិនខាន ៕
ចែករំលែកព័តមាននេះ