យោងទៅតាមប្រភពព័ត៌មានកូរ៉េ ឈូស៊ុន ចេញផ្សាយកាលពីថ្ងៃពុធទី២៧ មិថុនា ឆ្នាំ២០១២ បានឱ្យដឹងថា អតីតបវរកញ្ញាកូរ៉េ ចំណាត់ថ្នាក់លេខ២ ឆ្នាំ១៩៩៥ Choi Yoon Young ត្រូវបានចោទប្រកាន់ដោយមន្ត្រីប៉ូលិសពីបទចោរកម្មលួចយកកាបូបពីមនុស្សដែលស្គាល់គ្នា ។
ប៉ូលិសក្នុងតំបន់ Gangnam បាននិយាយឱ្យដឹងថា នាង Choi Yoon Young ត្រូវបានចោទប្រកាន់ពីបទចោរកម្មលួចយកកាបូបលុយនៅពេលដែលនាងទៅលេងផ្ទះអ្នកស្គាល់គ្នាម្នាក់ក្នុងស្រុក Cheongdam ភាគខាងត្បូងទីក្រុងសេ៊អូល កាលពីថ្ងៃពុធកន្លងមកនេះ ។
ប៉ូលិសបាននិយាយឱ្យដឹងបន្ថែមទៀតថា អតីតបវរកញ្ញារូបនេះ បានយកកាបូបដែលមានទឹកប្រាក់សរុប៧៨០,៣ដុល្លារសហរដ្ឋអាមេរិក ហើយបានផ្ទេរទឹកប្រាក់ទាំងនោះចូលក្នុងគណនីរបស់នាង ។រាជនីសម្រស់ដែលធ្លាប់ទទួលបានការសិក្សានៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២ បវរកញ្ញាកូរ៉េ ក្នុងឆ្នាំ១៩៩៥ ។
ប៉ូលិសបានធ្វើការសន្និដ្ឋានថា មូលហេតុដែលបណ្តាលឱ្យនាងប្រព្រឹត្តដូច្នេះ គឺដោយសារតែនាងមានបញ្ហាលុយកាក់ បន្ទាប់ពីមុខជំនួញរបស់នាងទទួលបរាជ័យ ។ គួររំលឹកដែរថា នាងធ្លាប់បានចូលប្រឡូកក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាច្រើនដូចជា រឿង Quean of The Game, We are Dating Now ជាដើម…។ ក្រៅពីការងារសិល្បៈនាងបានបើកថ្នាក់បង្រៀនហាត់ប្រាណបែបយូហ្គា (Yoga) តែឥឡូវក្ស័យធនហើយ ៕
ចែករំលែកព័តមាននេះ