ទុយនីស៊ីធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីលីប៊ី
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ០៩:៤១

គេហទំព័របរទេស
អតីតនាយករដ្ឋមន្ត្រីលីប៊ី
ប្រទេសទុយនីស៊ីកាលពីថ្ងៃទី២៤មិថុនាបានធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីរបស់អតីតមេដឹកនាំលីប៊ីលោកមូអាម៉ាកាដាហ្វី ដែលនោះជាអ្នកទទួលខុសត្រូវនៃរបបលោកកាដាហ្វីរស់នៅនិរទេសដំបូងគេដែលត្រូវចាប់បញ្ជូនទៅកាន់លីប៊ី ។
លោកអាប់ឌូរ៉ាហ៊ីមអែលកឺអីប នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីប៊ីអះអាងថា អតីតនាយករដ្ឋមន្ត្រីរូបនេះលោកអាល់បាក់ដាឌី អាលី អាល់មាហ៍មូឌី បានត្រូវឃុំឃាំងនៅលីប៊ីក្រោយការធ្វើបត្យាប័ន ។ លោកបន្តថាជនសង្ស័យត្រូវប៉ូលិសតុលាការឃុំខ្លួនក្នុងក្របខណ្ឌនៃដីកាចាប់ខ្លួនពីបទឧក្រិដ្ឋប្រឆាំងប្រជាជនលីប៊ីដែលដីកានោះចេញដោយការិយាល័យអគ្គរដ្ឋអាជ្ញា ។
លោកអាល់ ម៉ាហ៍មូឌី បានចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលកាលពីឆ្នាំ២០០៦ ហើយបានរត់ភៀសខ្លួនទៅកាន់ប្រទេសទុយនីស៊ីពេលពួកឧទ្ទាមដណ្តើមកាន់កាប់រដ្ឋធានីទ្រីប៉ូលី កាលពីខែសីហាកន្លងមកនេះ ។ តុលាការទុយនីស៊ីមួយបានសម្រេចកាលពីខែវិច្ឆិកាធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏ប៉ុន្តែប្រធានាធិបតីទុយនីស៊ី លោកម៉ុនសេហ្វ ម៉ាហ្ស៊ូគី ស្នើរង់ចាំសភាពការណ៍នៅលីប៊ីមានស្ថេរភាពសិន ។ អ្នកនាំពាក្យប្រធានាធិបតីម្នាក់បញ្ជាក់កាលពីថ្ងៃទី២៤មិថុនាពីការធ្វើបត្យាប័ននេះ ប៉ុន្តែថាលោកប្រធានាធិបតីពុំបានអនុញ្ញាតដោយផ្ទាល់ចំពោះការធ្វើបត្យាប័ននោះឡើយ។ គឺនាយករដ្ឋមន្ត្រីជាអ្នកទទួលខុសត្រូវលើរឿងនេះ ។
អង្គការការពារសិទ្ធិមនុស្សជាច្រើនបានសំដែងពីបំណងចង់ឱ្យកាត់ទោសបណ្តាអតីតអ្នកទទួលខុសត្រូវលីប៊ីពិសេសលោកសៃអុីហ្វអាល់អុីស្លាម កូនប្រុសលោកមូអាម៉ាកាដាហ្វីដែលបច្ចុប្បន្នជាប់ឃុំឃាំងនៅលីប៊ី នៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិCPI ក្រុងឡាអេ។ យោងតាមអង្គការទាំងនេះថា ស្ថាប័នតុលាការលីប៊ីបច្ចុប្បន្នពុំធានាដល់ការកាត់ទោសដោយស្មើភាពឡើយ ៕