ទុស្សេចរន្តអគ្គិសនីតាមដងគោមបំភ្លឺផ្លូវបណ្តាលឱ្យមានអណ្តាតភ្លើងឆេះចេញពីក្នុងលូ
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ០៨:៤៥
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ មិថុនា នៅទល់មុខផ្សារសូរិយាម៉ល កែងផ្លូវលេខ១៧២និងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ស្រាប់តែមានអណ្តាតភ្លើង និងផ្សែងហុយខ្មួលខ្មាញ់ចេញពីក្នុងលូរយៈពេលប្រមាណកន្លះម៉ោងទើបរលត់ស្ងប់ស្ងាត់ទៅវិញ បណ្តាលឱ្យប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុផ្អើលឆោឡោនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់២បំពង់នៅតែមិនទាន់រលត់ទៀត ។
ប្រជាពលរដ្ឋនៅជិតកន្លែងនោះនិយាយថា មុនពេលកើតហេតុស្រាប់តែមានផ្សែងហុយទ្រលោម លុះបន្តិចក្រោយមក ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីក្នុងលូយលាយជាមួយផ្សែងខ្មួលខ្មាញ់ ផ្អើលដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់២បំពង់នៅតែមិនរលត់ទៀត ទើបប៉ូលិសប៉ុស្តិ៍ទាក់ទងទៅខាងអគ្គិសនីចុះទៅជួយអន្តរាគមន៍ ។ ប៉ុន្តែទម្រាំខាងអគ្គិសនីចុះទៅដល់កន្លែងកើតហេតុ អណ្តាតភ្លើងបានរលត់ស្ងប់ស្ងាត់អស់ទៅវិញដោយខ្លួនឯង ។
យោងតាមមន្ត្រីខាងអគ្គិសនីនិយាយថា អណ្តាតភ្លើងនេះបណ្តាលមកពីទុស្សេខ្សែភ្លើងក្រោមដី ដែលជាខ្សែចរន្តអគ្គិសនីបង្គោលដងគោមបំភ្លឺផ្លូវសាធារណៈ ។ បន្ទាប់ពីមានហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង នៅតាមដងផ្លូវលេខ៥១ ភ្លើងបំភ្លឺតាមដងផ្លូវដាច់ងងឹតសូន្យសុងទាំងអស់ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺដោយសារតែតំបន់នេះជាទីប្រជុំជន និងមានផ្សារ ភោជនីយដ្ឋាននៅព័ទ្ធជុំវិញ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលឆោឡោពេលឃើញហេតុការណ៍ចម្លែកដែលកម្រជួបប្រទះ ៕