ចិន ៖ ហាមឃាត់ថង់ប្លាស្ទីកអាចសន្សំប្រេង4,8លានតោន
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៥:៥១
លោកលីជិញប្រធាននាយកដ្ឋានសន្សំសំចៃថាមពលនិងការពារបរិស្ថាននៃគណៈកម្មាធិការជាតិទទួលបន្ទុកខាងការអភិវឌ្ឍន៍និងការកែទម្រង់CNDRរាយការណ៍កាលពីថ្ងៃទី២០មិថុនា កន្លងមកនេះថាការហាមឃាត់ប្រើថង់ប្លាស្ទីកដែលដាក់កាលពី៤ឆ្នាំមុននេះនៅចិនអាចឱ្យប្រទេសសន្សំប្រេងកាតបានចំនួន៤,៨លានតោនពោលស្មើនឹង៦,៨លានតោននៃធ្យូងថ្ម ។
លោកលីជិញ ក៏ធ្វើការកត់សម្គាល់ផងដែរ ថា ការហាមឃាត់នេះក៏កាត់បន្ថយផងដែរនូវការប្រើប្រាស់ប្លាស្ទីកចំនួន៨០០.០០០តោន និងថង់ប្លាស្ទីកជាង២៤ពាន់លានថង់រយៈពេល៤ឆ្នាំ ចុងក្រោយនេះ ។ប្រទេសចិនបានហាមឃាត់ការចែកចាយថង់ប្លាស្ទីកដោយមិនគិតថ្លៃក្នុងបណ្តាផ្សារទំនើប ហាងទំនិញធំៗ និងហាងលក់គ្រឿងទេស ហើយហាមការផលិតនិងការប្រើប្រាស់ថង់ប្លាស្ទីកមានទំហំតូចជាង០,០២៥មីល្លីម៉ែត្រ ចាប់ពីថ្ងៃទី១មិថុនាឆ្នាំ២០០៨មក ។
លោកលីជិញគូសបញ្ជាក់ថា ការហាមឃាត់នោះដើរតួនាទីជាវិជ្ជមានក្នុងការសន្សំសំចៃថាមពលនិងប្រភពធនធាន ការពារបរិស្ថាននិងក្នុងការតស៊ូប្រឆាំងការផ្លាស់ប្តូរបរិយាកាស ។ចាប់តាំងពីការអនុវត្តនយោបាយនេះមកការប្រើប្រាស់ថង់ប្លាស្ទីកត្រូវបានកាត់បន្ថយជាង២ភាគ៣ក្នុងបណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើប ។ មនុស្សកាន់តែច្រើនចាប់ផ្តើមប្រើប្រាស់ថង់ដាក់ពីក្រណាត់ ។ ក៏ប៉ុន្តែថង់ប្លាស្ទីកនៅតែប្រើប្រាស់ដោយទូលំទូលាយក្នុងផ្សារលក់ដូរផលិតផលកសិកម្មទោះបីមានច្បាប់រិតត្បិតក៏ដោយ ។ ដូច្នេះរដ្ឋាភិបាលចិនត្រូវកែលម្អការត្រួតពិនិត្យហើយអនុវត្តឱ្យកាន់តែប្រសើរនូវការហាមឃាត់នោះនាពេលអនាគត ៕