រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តកាមរីឆ្លាមបត់ត្រឡប់ក្រោយនៅចំណុចហាមឃាត់ បណ្តាលឱ្យស្ត្រីម្នាក់បើកម៉ូតូសង់កូរ៉េពីក្រោយជ្រុលបុកដួលហើយបោកដៃចង្កូតចុកដើមទ្រូង និងក្អួតចង្អោរ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២១ មិថុនា លើផ្លូវជាតិលេខ២ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ព្រិច វណ្ណី អាយុ៤៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យដឹងថា គាត់ជិះម៉ូតូសង់កូរ៉េទៅបង់លុយថ្លៃភ្លើង ហើយដោយសាររថយន្តកាមរីឆ្លាម បើកពីខាងមុខបត់ត្រឡប់ក្រោយភ្លាមត្រង់ក្បាលរបាំងពុះចែកផ្លូវដែលហាមបត់ត្រឡប់ក្រោយ ធ្វើឱ្យគាត់ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកត្រូវចំហៀងខាងឆ្វេងរថយន្តនោះបណ្តាលឱ្យគាត់ដួលបោកនឹងចង្កូតម៉ូតូចុកដើមទ្រូង និងក្អួតចង្អោរ ។
អ្នកបើករថយន្តបានជួយលើកស្ត្រីរងគ្រោះយកទៅដាក់ឱ្យអង្គុយមុខផ្ទះគេជិតនោះ និងជួយចេញថ្លៃព្យាបាលចំនួន៤០ដុល្លារ ។ ស្របពេលនោះស្ត្រីរងគ្រោះទាក់ទងតាមទូរស័ព្ទហៅប្តីឱ្យមកទទួល ៕



ចែករំលែកព័តមាននេះ