ខេត្តប៉ៃលិន ៖ សុភាសិតខ្មែរបុរាណមួយឃ្លាពោលថា «កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ» ។ យ៉ាងណាមិញស្នេហារបស់យុវវ័យមួយគូ ដែលពួកគេបានស្រឡាញ់គ្នាសុខៗ ស្រាប់តែសង្សារមកសុំបែក ដោយទូរស័ព្ទប្រាប់នាងថា សុំផ្លាស់ប្តូរពីសង្សារមករាប់អានគ្នាជាមិត្តភក្តិធម្មតាវិញ ។ ពាក្យសម្តីបាតដៃជាខ្នងដៃនេះ ហាក់ដូចជាយកអាវុធចុងស្រួចទៅបុកទម្លុះទ្រូងរូងយកបេះដូងរបស់នាងគ្រវាត់ចោលទៅលើដីឱ្យប្រឡាក់ភក់ជ្រាំទ្រាំរស់ទៀតមិនបាន នាងក៏សម្រេចចិត្តផឹកថ្នាំបណ្តុរប៉ងធ្វើអត្តឃាតបញ្ចប់ជីវិតតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ មិថុនា ២០១២ ស្ថិតនៅក្នុងផ្ទះភូមិអូរដូនតា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ តែសំណាងល្អ ត្រូវបានប្អូនប្រុសឃើញទាន់ក៏ប្រញាប់ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ នារីគិតខ្លីឈ្មោះឡុង ស្រីនុន អាយុ២៣ឆ្នាំ បានផឹកថ្នាំកណ្តុរអស់៤កញ្ចប់តូច ព្រោះតូចចិត្តនឹងសង្សារដែលស្រឡាញ់គ្នារយៈពេលជិត១ឆ្នាំមកហើយ បែរជាសុំពីសង្សារមកជាមិត្តភក្តិធម្មតាទៅវិញ ព្រោះគេប្រាប់ថា មានថ្មីហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ