លោកចបប៊ីស្តុតដាដ កាពីទែននាវានេសាទបង្កងសមុទ្រឬបង្កងនាគរាជជំនាន់ទី២ បានចាប់បង្កងសមុទ្រពណ៌ផ្ទៃមេឃដ៏កម្រនៅខាងក្រៅឆ្នេរ«ណូវា ស្កូធៀ» ប្រទេសកាណាដា ។ បង្កងខាងលើជាប្រភេទបង្កងដែលឪពុករបស់គាត់ធ្លាប់ប្រទះឃើញជាលើកដំបូងក្នុងអំឡុងពេលមានអាជីពជាអ្នកនេសាទអស់រយៈពេលជាងពាក់កណ្តាលសតវត្ស ។
លោកស្តុតដាដ បានប្រាប់CNNថា នេះជាបង្កងចម្លែកមួយក្បាលដែលលោកធ្លាប់ឃើញខណៈពេលឪពុករបស់លោកជាអ្នកនេសាទតាមសមុទ្រ រយៈពេល៥៥ឆ្នាំធ្លាប់ចាប់វាបានកាលពីប្រហែល៤៥ឆ្នាំមុន ប៉ុន្តែចាប់តាំងពីពេលនោះមកលោកមិនធ្លាប់ឃើញទេ ។
មជ្ឈមណ្ឌលបង្កងនាគរាជនៃមហាវិទ្យាល័យ«មេ៉ន»បញ្ជាក់ថា បង្កងនាគរាជពណ៌ផ្ទៃមេឃជាបាតុភូតកម្រមួយក្នុងចំណោម២លានក្បាល ដោយពណ៌ដ៏ចម្លែកនេះបណ្តាលមកពីការផ្សំពូជជាច្រើនដែលបង្កើតប្រូតាអ៊ីនក្នុងខ្លួនបង្កងនាគរាជធ្វើឱ្យសំបករបស់វាក្លាយជាពណ៌ផ្ទៃមេឃ។
កាលពីឆ្នាំ២០០៩ មានការប្រទះឃើញបង្កងពណ៌លឿងគឺជាបាតុភូតដ៏កម្រមួយត្រូវគេចាប់បាននៅប្រទសកាណាដា ។ បង្កងនាគរាជដែលរៀបរាប់នេះមានពណ៌លឿងស្រដៀងនឹងបង្កងដែលចម្អិនរួច អាចប្រទះឃើញត្រឹមតែ១ក្នុងចំណោមបង្កង៣០លានក្បាល ។ បច្ចុប្បន្នបង្កងនាគរាជ ពណ៌ផ្ទៃមេឃមួួយក្បាលនេះកំពុងរស់នៅប្រកបដោយសុវត្ថិភាព នៅក្នុងអាងទឹករបស់លោកស្តុតដាដ។
ទីភ្នាក់ងារAPបញ្ជាក់ថា ប្រសិនបើយកបង្កងនាគរាជពណ៌ផ្ទៃមេឃទៅចម្អិនជាអាហារ ពណ៌របស់វានឹងមានលក្ខណៈស្រដៀងនឹងបង្កងទូទៅ ។ អ្នកនេសាទម្នាក់នេះបានប្រាប់CNN ថា វាអាចនឹងត្រូវយកទៅលែងនៅក្នុងសមុទ្រដើម្បីឱ្យអ្នកដទៃមានឱកាសបានឃើញ ៕
ចែករំលែកព័តមាននេះ