អាជ្ញាធរខេត្ដព្រះសីហនុកោះប្រជុំតំណាងរោងចក្រដើម្បីទប់ស្កាត់ការបង្ហូរកាកសំណល់ចូលសមុទ្រ
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី២៤ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៥:៣២

តាសោម
បច្ចុប្បន្នឆ្នេរសមុទ្រខេត្ដព្រះសីហនុចាំបាច់ត្រូវរួមគ្នាលុបបំបាត់ការបំពុលបរិស្ថាន
ខេត្ដព្រះសីហនុ ៖ អាជ្ញាធរខេត្ដព្រះសីហនុបានកោះប្រជុំជាបន្ទាន់មួយកាលពី ល្ងាចថ្ងៃទី២២ មិថុនា ដោយបានអញ្ជើញ តំណាងរោងចក្រទាំងអស់ដែលកំពុងធ្វើអាជីវកម្មនៅក្នុងខេត្ដ ពិសេសរោងចក្រដែល នៅជិតតំបន់ឆ្នេរសមុទ្រមកពិភាក្សា និងចាត់ វិធានការទប់ស្កាត់ការពារបរិស្ថានតំបន់ឆ្នេរ ក្រោយពីពិនិត្យឃើញថា មានរោងចក្រមួយចំនួនបានបង្ហូរកាកសំណល់ចូលទៅក្នុងសមុទ្រ ខណៈមានភ្លៀងធ្លាក់ម្ដងៗ ។លោកស្បោង សារ៉ាត អភិបាលខេត្ដព្រះសីហនុមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា កន្លងមកពិតជាមានរោងចក្រមួយចំនួនបាន បញ្ចេញកាកសំណល់រឹងរាវបង្ហូរចូលមកក្នុងសមុទ្រ ធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ ដោយពុំអនុវត្ដតាមបទដ្ឋានបច្ចេកទេស និងការណែនាំរបស់ក្រសួងបរិស្ថានក៏ដូចជាជំនាញពាក់ព័ន្ធ ហើយផលប៉ះពាល់នេះបានធ្វើឱ្យខូចខាត ប្រយោជន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដរ ។
លោកអភិបាលខេត្ដព្រះសីហនុ បានរំលឹកឱ្យដឹងផងដែរថា បច្ចុប្បន្នឆ្នេរសមុទ្រខេត្ដព្រះសីហនុ ត្រូវបានដាក់ជា ឆ្នេរអន្ដរជាតិ ដែលចាំបាច់ត្រូវរួមគ្នាលុប បំបាត់ការបំពុលបរិស្ថាន ហើយគ្រប់រោង ចក្រទាំងអស់ត្រូវតែអនុវត្ដតាមបទដ្ឋាន បច្ចេកទេសអំពីការស្ដុក និងបង្ហូរកាកសំណល់ រឹងរាវ ដោយគ្រប់ប្រព័ន្ធបង្ហូរត្រូវតែតភ្ជាប់ ជាមួយលូបង្ហូរចូលទៅអាងស្ដុកចម្រោះដែលជាបណ្ដាញរួមរបស់ខេត្ដកំពុងប្រតិបត្ដិការសព្វថ្ងៃ ។អាជ្ញាធរខេត្ដក៏បានធ្វើការព្រមានផងដែរ ចំពោះក្រុមហ៊ុនរោងចក្រសហគ្រាស ឬផ្នែក ឧស្សាហកម្ម សណា្ឋគារ ភោជនីយដ្ឋាននានា ដែលនៅក្បែរឆ្នេរសមុទ្រចំពោះករណីដែលលបលួចបង្ហូរកាកសំណល់ចូលទៅក្នុងសមុទ្រដោយមិនឆ្លងកាត់ប្រព័ន្ធលូអាងចម្រោះ អាជ្ញាធរខេត្ដនឹងចាត់វិធានការតាមផ្លូវច្បាប់ ខណៈសមត្ថកិច្ចរកឃើញបទល្មើសនេះជាក់ស្ដែង ៕