ចោរ៦នាក់កាំភ្លើងអាកា៤ដើមចូលផ្ទះអ្នកលក់មាសបាញ់ផ្អើលភូមិ
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី១២ ខែមិនា ឆ្នាំ២០១០ ម៉ោង ១១:១៦
ខេត្ដកំពង់ចាម ៖ ក្រុមចោរប្លន់៦នាក់ស្លៀកពាក់ប៉ារ៉ា និងស៊ីវិល ប្រដាប់ដោយកាំភ្លើងអាកា៤ដើមចូលប្លន់ផ្ទះអាជីវករលក់ មាស-ប្ដូរប្រាក់ នៅភូមិ៦ ឃុំព្រែកតានង់ ស្រុកកោះសូទិន កាលពីវេលាម៉ោង១៨និង៥០នាទីព្រលប់ថ្ងៃទី១១ មីនា ដោយក្រុមចោរបានបាញ់បង្អើល និងគំរាមប្រមាណ៦០គ្រាប់ឡើងផ្អើលភូមិគ្មាននរណាហ៊ានចូលជួយទេ ហើយសមត្ថកិច្ចក៏ទៅធ្វើអន្ដរាគមន៍មិនទាន់ពេលដែរ ។អំពើប្លន់នេះបានកើតឡើងខណៈម្ចាស់ផ្ទះនិងក្រុមគ្រួសារ៥នាក់អង្គុយហូបបាយនៅមុខផ្ទះដោយពួកចោរបានភ្ជង់កាំភ្លើងរុញឱ្យចូលទៅក្នុងផ្ទះ រួចហើយវាយនឹងចុងកាំភ្លើងអាកា និងញញួរបណ្ដាលឱ្យម្ចាស់ផ្ទះ និងសមាជិករងគ្រោះជាទម្ងន់ដើម្បីគំរាម ឱ្យយកប្រាក់ចេញមកចំណែកអ្នកជិតខាង ម្នាក់ត្រូវចោរបាញ់ធ្លាយស្មា ខណៈដែលគាត់រត់ចេញមកមើលហេតុការណ៍ ព្រោះនឹកស្មានថាប្ដី-ប្រពន្ធផ្ទះនេះឈ្លោះគ្នា ។
បុរសម្ចាស់ផ្ទះឈ្មោះយ៉ា ប៊ុនឈីម អាយុ៤០ឆ្នាំត្រូវចោរវាយនឹងចុងកាំភ្លើងបែកក្បាល កូនម្ចាស់ផ្ទះឈ្មោះយ៉េន លាងហេង អាយុ១៤ ឆ្នាំ ត្រូវចោរវាយនឹងញញួរបែកចិញ្ចើម បុរសអ្នកជិតខាងឈ្មោះពេជ្រ ស៊ាងហេង អាយុ ៤២ឆ្នាំ ត្រូវចោរបាញ់ធ្លាយស្មាស្ដាំ បញ្ជូនមកព្យាបាលនៅភ្នំពេញ ។ចោរប្រមូលយកបានបា្លទីន៣តម្លឹង លុយខ្មែរ៨លានរៀល កាតទូរស័ព្ទចំរុះ ដែលមាន ទឹកប្រាក់១.០០០ដុល្លារ (មិនទាន់ច្បាស់ថា បាត់មាសទេ ព្រោះម្ចាស់ផ្ទះនៅស្លន់ស្លោ នៅឡើយ)... ប្រមូលទ្រព្យសម្បត្ដិបាន ហើយពួកចោរក៏ចាកចេញយ៉ាងប្រញាប់ទៅតាមផ្លូវក្រោយផ្ទះ ដើរកាត់ព្រៃនិងវាលស្រែ ។