ចាញ់បោកគេអស់លុយជាង១.៦០០ដុល្លារស្រែកផ្អើលថា ចោរប្លន់
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ០៨:៤៦
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានអះអាងថា ខ្លួនត្រូវចោរតាមស្ទាក់ប្លន់យកប្រាក់ជាង១.៦០០ដុល្លារគេចខ្លួនទៅបាត់ ខណៈគាត់ត្រឡប់មកពីទទួលលុយវេរពីខេត្តមណ្ឌលគិរី នៅផ្ទះវេរលុយមួយកន្លែងមានទីតាំងនៅម្តុំផ្សារអូរឫស្សី ហើយធ្វើដំណើរកាត់តាមផ្លូវលេខ១៦៣ ខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក ក៏ត្រូវក្រុមចោរស្ទាក់ភ្ជង់ប្លន់យកទៅបាត់ លុះមួយសន្ទុះក្រោយមក ទើបគាត់ស្រែកឡាំប៉ាទៅប្តឹងប៉ូលិសនៅឯប៉ុស្តិ៍ទួលស្វាយព្រៃ១ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ហេតុការណ៍ផ្អើលថា ចោរប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ មិថុនា ២០១២ ។ បុរសរងគ្រោះឈ្មោះង៉ាន់ តុលា អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានមុខរបរជាអ្នករកស៊ីប្រមែប្រមូលលុយដែលគេវេរមកពីខេត្តនានា ប៉ុន្តែបានទៅស្រែកផ្អើលឆោឡោពីរឿងចោរប្លន់នេះនៅសង្កាត់ស្វាយព្រៃ១ ខណ្ឌចំការមន ចំណែកលុយដែលចោរប្លន់យកទៅមានចំនួនជាង១.៦០០ដុល្លារ ។
នៅចំពោះមុខប៉ូលិសប៉ុស្តិ៍បឹងព្រលឹតខណ្ឌ៧មករា ឈ្មោះង៉ាន់ តុលា និយាយហាក់ត្រឡប់ត្រឡិនថា មុនពេលកើតហេតុខ្លួនត្រូវគេពឹងឱ្យទៅបើកលុយដែលវេរពីខេត្តមណ្ឌលគិរី មកដាក់នៅផ្ទះវេរលុយមួយកន្លែងនៅម្តុំផ្សារអូរឫស្សី ។ ពេលបើកប្រាក់បានហើយខ្លួនធ្វើដំណើរក្នុងបំណងយកប្រាក់ទៅប្រគល់ឱ្យម្ចាស់ដើមវិញ ដែលកំពុងរង់ចាំនៅសង្កាត់ទួលស្វាយព្រៃ១ (ផ្ទះម្ចាស់លុយ) ប៉ុន្តែពេលធ្វើដំណើរតាមផ្លូវលេខ១៦៣ ដល់ខាងលើស្តាតអូឡាំពិក ស្រាប់តែមានមនុស្ស២នាក់ជិះម៉ូតូឌ្រីមមកកៀរឱ្យឈប់រួចភ្ជង់យកលុយទៅបាត់តែម្តង ។
ម្ចាស់លុយមិនអស់ចិត្តពីរឿងប្លន់បែបនេះទេ ក៏ជំរុញឱ្យទៅប្តឹងប៉ូលិស គឺប្តឹងតាំងពីនៅប៉ុស្តិ៍ទួលស្វាយព្រៃ១ រហូតឆ្លងដែនដល់ប៉ុស្តិ៍បឹងព្រលឹត ប៉ុន្តែទោះបីជាយ៉ាងណា ប៉ូលិសស្រាវជ្រាវរកមិនឃើញមានអំពើប្លន់ដូចការរៀបរាប់ខាងលើនោះសោះ... ដែលទីបំផុតបុរសរងគ្រោះនិយាយឡិបឡប់ថា ខ្លួនចាញ់បោកគេទេ ហើយហេតុផលដែលចាញ់បោកគេដោយរបៀបម៉េចនោះក៏មិនទាន់ដឹងច្បាស់ដែរ ៕