រាជធានីភ្នំពេញ ៖ បុរសជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅក្រោមការបញ្ជាផ្ទាល់ពីលោកអធិការប៊ន សំអាត ចាប់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់ បន្ទាប់ពីទទួលបានព័ត៌មានយ៉ាងច្បាស់ពីប្រជាពលរដ្ឋថាបានឃើញជននោះជិះម៉ូតូ១គ្រឿងដើរលក់គ្រឿងញៀន ។
ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៧នៅជិតវត្តទួលសុភាឃួន ស្ថិតក្នុងក្រុុមទី៣ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះរ័ត្ន សីហា អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម៉ូតូ១គ្រឿងម៉ាក Citi C100 កូរ៉េ ពណ៌ក្រហម ។ វត្ថុតាងម៉ូតូនិងថ្នាំញៀនប្រភេទម៉ាទឹកកកត្រូវប៉ូលិសដកហូតទុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា បុរសនេះបានក្លែងខ្លួនជាអ្នករត់ម៉ូតូ តែសកម្មភាពពិតគឺគេតែងដាក់ថ្នាំញៀនតាមខ្លួនជានិច្ច ដើម្បីលក់ឱ្យអ្នកដទៃ ។ ជាក់ស្តែងមុនពេលចាប់ខ្លួនបុរសនោះជិះម៉ូតូទៅឈប់ចាំម៉ូយដែលទៅទិញថ្នាំញៀននៅចំណុចខាងលើដែលជាកន្លែងស្ងាត់និងជាកន្លែងដែលគេធ្លាប់ដោះដូរក្នុងពេលកន្លងមក ។ ប្រភពដដែលបានបន្តថា ដោយឡែកកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅបានទទួលបញ្ជាពីលោកវរសេនីយ៍ទោប៊ន សំអាត អធិការខណ្ឌពោធិ៍សែនជ័យ ឱ្យចេញល្បាតជាប់ជាប្រចាំនៅតំបន់នោះហើយត្រូវប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា បានឃើញជនសង្ស័យនោះកំពុងលក់ថ្នាំញៀនទើបកម្លាំងសម្រុកទៅកាន់ទីនោះឃាត់ខ្លួនបានតែម្តង ។
ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកចំនួន៧កញ្ចប់ដែលបុរសនោះលាក់ទុកនៅក្នុងហោប៉ៅអាវនិងមួកសុវត្ថិភាពហើយក៏នាំខ្លួនទៅកាន់ប៉ុស្តិ៍ចោមចៅ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលធ្វើការសួរនាំ ជននេះបានសារភាពថា ខ្លួនពិតជាបានរកស៊ីជួញដូរថ្នាំញៀនមែនតែមិនទាន់បានលក់នៅឡើយទេ ព្រោះអ្នកទិញមិនទាន់មកដល់ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។
ចំណែកស្ត្រីជាប្រពន្ធបានទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសុំសម្រួលឱ្យប៉ូលិសដោះលែងប្តីរបស់ខ្លួនប៉ុន្តែប៉ូលិសអត់ធ្វើតាមនោះទេ ព្រោះការជួញដូរគ្រឿងញៀនជាបទឧក្រិដ្ឋ បន្ទាប់មកប៉ូលិសប៉ុស្តិ៍បានបញ្ជូនជននោះរួមទាំងវត្ថុតាងទៅកាន់ផ្នែកព្រហ្មទណ្ឌប៉ូលិសខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


ចែករំលែកព័តមាននេះ