រាជធានីភ្នំពេញ ៖ នារីម្នាក់ខណៈកំពុងបើកម៉ូតូគុបជ្រុងពណ៌ទឹកប៊ិចមួយគ្រឿងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បានត្រូវក្រុមចោរ៤នាក់ជិះម៉ូតូ២គ្រឿងបើកតាមពីក្រោយរួចឆក់យកកាបូបលុយដែលស្ពាយតែមិនបានសម្រេចទេ ទោះជាយ៉ាងណាបានបណ្តាលឱ្យនារីម្ចាស់កាបូបដួលម៉ូតូច្រងាប់ច្រងិលនៅកណ្តាលផ្លូវ ហើយត្រូវប្រជាពលរដ្ឋជិះកាត់ទីនោះឃើញក៏ជួយលើកគ្រាហ៍មកដាក់លើចិញ្ចើមថ្នល់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥៥នាទីយប់ថ្ងៃទី៧ មិថុនា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
នារីម្ចាស់កាបូបឈ្មោះចន សុខណា អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ នារីរូបនេះបានឱ្យដឹងថា មុនពេលកើតហេតុនាងទើបតែជិះម៉ូតូចេញពីកន្លែងធ្វើការហើយធ្វើដំណើរទៅផ្ទះតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនធម្មតា ។ លុះទៅដល់ចំណុចខាងលើស្រាប់តែមានជន៤នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿង និងម៉ូតូវីវ៉ា ពណ៌ខ្មៅមួយគ្រឿងតាមនាងពីក្រោយ ហើយធ្វើសកម្មភាពឆក់យកកាបូបលុយ តែមិនបាន។ ទោះជាយ៉ាងណា ពេលនោះនាងបានដួលម៉ូតូច្រងាប់ច្រងិល នៅលើផ្លូវម្នាក់ឯង តែសំណាងល្អមិនមានរងរបួសធ្ងន់ គ្រាន់តែរលាត់ដៃជើងបន្តិចបន្តួច ។
នារីរងគ្រោះបញ្ជាក់ថា កាបូបលុយដែលចោរព្យាយាមឆក់យកនោះគឺមានតែទូរស័ព្ទមួយគ្រឿងនិងលុយ២៥ដុល្លារប៉ុណ្ណោះ គ្មានអ្វីសំខាន់លើសពីនេះទៀតទេ ៕
ចែករំលែកព័តមាននេះ