គណៈកម្មាធិការស៊ើបអង្កេតមួយបង្កើតឡើងដោយរដ្ឋាភិបាលស៊ីរីដើម្បីបំភ្លឺពីការសម្លាប់មនុស្សយ៉ាងរង្គាលនៅទីក្រុងហ៊ូឡាភាគកណ្តាលប្រទេសបណ្តាលឱ្យមនុស្សស្លាប់ជាង១០០នាក់អះអាងកាលពីថ្ងៃទី៣១ឧសភាថា ការសម្លាប់រង្គាលនៅទីក្រុងហ៊ូឡាប្រព្រឹត្តដោយមនុស្សប្រមាណជា៨០០នាក់ ប្រដាប់ដោយអាវុធគ្រប់គ្រាន់ដែលវាយប្រហារប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល ។
ក្នុងសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសពីលទ្ធផលដំបូងនៃការស៊ើបអង្កេតនោះ ឧត្តមសេនីយ៍កាសេម ចាម៉ាល់ស៊ីឡីម៉ាន់ ប្រធានគណៈកម្មាធិការស៊ើបអង្កេតនោះថ្លែងថា បណ្តាក្រុមប្រដាប់អាវុធបានវាយប្រហារលើប៉ុស្តិ៍ជាច្រើនរបស់កងទ័ពរដ្ឋាភិបាលនិងថាកងទ័ពរដ្ឋាភិបាលពុំបានចាកចេញពីមូលដ្ឋានរបស់ខ្លួនឡើយ ។ បណ្តាគ្រួសារដែលរងការសម្លាប់រង្គាលសុទ្ធតែពុំមានបញ្ហាហើយជាអ្នក ពុំចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលឬកាន់អាវុធប្រឆាំងរដ្ឋាភិបាលឡើយ ។ លោកស៊ូឡីម៉ាន់ គូសបញ្ជាក់ថា នេះជាលទ្ធផលដំបូងនៃការស៊ើបអង្កេតដែលផ្អែកលើការរៀបរាប់របស់បណ្តាសាក្សីឃើញផ្ទាល់ភ្នែក ។ លោកអះអាងទៀតថា សាកសពភាគច្រើនដែលបង្ហាញតាមទូរទស្សន៍ជាសាកសពរបស់ពួកជនប្រដាប់អាវុធ ដែលស្លាប់ក្នុងការប៉ះទង្គិចគ្នានានាជាមួយកងទ័ពរដ្ឋាភិបាល ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសស៊ីរីវិញថ្លែងថា រដ្ឋាភិបាលបានស្នើដល់ប្រមុខបេសកកម្មសអង្កេតការណ៍អ.ស.ប នៅស៊ីរីឱ្យទៅពិនិត្យទីតាំងមានការសម្លាប់រង្គាល ។
ការសម្លាប់រង្គាលនៅក្រុងហ៊ូឡានាពេលថ្មីៗនេះមានមនុស្សស្លាប់១០៨នាក់ក្នុងនោះមានកុមារយ៉ាងតិច៤៩នាក់មានអាយុក្រោម១០ឆ្នាំ និងនារី៣២នាក់ ។ រដ្ឋាភិបាលនិងពួកប្រឆាំងបានចោទប្រកាន់ដាក់ខ្លួនទៅវិញទៅមកចំពោះការសម្លាប់រង្គាលនោះ ៕
ចែករំលែកព័តមាននេះ