រាជធានីភ្នំពេញ ៖ សន្តិសុខយាមផែស្ងួតម្នាក់ពេលផឹកស្រាស្រវឹងធ្លាក់ភ្នែកតណ្ហាពុះកញ្ជ្រោលនឹកចង់រួមរ័ក គាប់ជួនឃើញក្មេងប្រុសម្នាក់ទុកសក់វែងដើរម្នាក់ឯងពេលយប់ច្រឡំស្មានថាជាស្រីក៏ស្ទុះទៅចាប់ឱបពីក្រោយប៉ុនប៉ងរំលោភសេពសន្ថវៈនិងគំរាមសម្លាប់ចោលបើហ៊ានស្រែក ។ ប៉ុន្តែក្មេងប្រុសនោះនៅតែរើបម្រះ និងស្រែកឱ្យគេជួយធ្វើឱ្យបុរសនោះខឹងក៏បានចាប់ក្របួចសក់ជ្រមុជទឹកធ្វើបាបបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយអ្នកដំណើរបាននាំគ្នាចូលទៅជួយអន្តរាគមន៍ចាប់ខ្លួនបុរសនោះប្រគល់ឱ្យប៉ូលិសតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ឧសភា នៅតាមបណ្តោយផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចមុខផែស្ងួតតេង ឡាយ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះគីម កុយ អាយុ២៣ឆ្នាំ ជាសន្តិសុខយាមផែស្ងួតតេងឡាយ ស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ចំណែកឯក្មេងប្រុសរងគ្រោះទុកសក់វែងដូចមនុស្សស្រីនោះឈ្មោះកែវ ផានិត អាយុ១៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ក្មេងប្រុសរងគ្រោះបានដើរតាមផ្លូវតែម្នាក់ឯងចេញពីកន្លែងលេងស្គីនៅម្តុំប្លុកក្រសាំងផ្អែម ភូមិជម្ពូវ័ន ចំណែកឯជនសង្ស័យមិនដឹងថាទើបចេញពីផឹកស៊ីនៅឯណានោះទេ ស្រវឹងរហូតព្រឹលភ្នែកឃើញក្មេងប្រុសទុកសក់វែងដើរម្នាក់ឯងស្មានថាជាស្រី ខណៈតណ្ហាពុះកញ្ជ្រោលនឹកចង់រួមរ័កក៏បានស្ទុះទៅចាប់ឱបពីក្រោយជាប់ប៉ុនប៉ងរំលោភសេពសន្ថវៈ និងគំរាមមិនឱ្យស្រែកបើហ៊ានស្រែកគេនឹងសម្លាប់ចោល ។ ប៉ុន្តែខណៈនោះក្មេងប្រុសរងគ្រោះមិនបានស្តាប់តាមការគំរាមកំហែងនោះឡើយ ក៏ខំប្រឹងរើបម្រះ និងស្រែកឱ្យគេជួយធ្វើឱ្យជននោះខឹងក៏បានអូសទៅជិតប្រឡាយរួចចាប់ក្របួចសក់ជ្រមុជទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយអ្នកដំណើរតាមផ្លូវបាននាំគ្នាចូលទៅចាប់ខ្លួនប្រគល់ឱ្យប៉ូលិសចាត់ការតាមច្បាប់តែម្តង ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍ចោមចៅធ្វើការសាកសួរមួយជំហាន រួចទើបបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបន្ត ។ ទោះបីយ៉ាងណា ជនសង្ស័យបានបដិសេធថាខ្លួនមិនបានធ្វើដូចការរៀបរាប់ខាងលើនោះទេ ។ ជននោះបាននិយាយថា ក្មេងប្រុសរូបនោះដើរម្នាក់ឯងពេលឃើញរូបគេមានការភ័យខ្លាចក៏រត់ធ្លាក់ចូលទឹកហើយរូបគេបានទៅជួយស្រង់ឡើងគោកប៉ុណ្ណោះ ។ ទោះបីបែបនេះក្តី មានប្រជាពលរដ្ឋជាច្រើនបានឃើញហេតុការណ៍នេះ មិនអាចប្រកែកបានឡើយ ឯក្រុមគ្រួសាររបស់ក្មេងប្រុសរូបនោះបានដាក់ពាក្យបណ្តឹងសុំឱ្យប៉ូលិសជួយអន្តរាគមន៍ ដោយចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយប៉ូលិសកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជននោះទៅតុលាការហើយ ៕


ចែករំលែកព័តមាននេះ