រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដួលសន្លប់ក្នុងថ្លុកឈាមនៅលើចិញ្ចើមផ្លូវកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺថ្ងៃទី២៧ ឧសភា ឆ្នាំ២០១២ តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយសារត្រូវក្រុមក្មេងស្ទាវប្រើដុំថ្ម និងដំបងព្រួតគ្នាវាយ ព្រោះតែចូលច្រៀងខារ៉ាអូខេឱ្យលុយថ្លៃច្រៀងមិនគ្រប់ ។ ចំពោះក្រុមក្មេងស្ទាវព្រួតគ្នាវាយបុរសម្នាក់នេះ ភ្លាមៗប៉ូលិសឃាត់ខ្លួនបាន២នាក់ ប៉ុន្តែពួកគេបដិសេធថា មិនបានវាយឡើយ ទោះជាយ៉ាងណាក្តី ប៉ូលិសបាននាំខ្លួនជនទាំង២នាក់នេះទៅសាកសួរផងដែរ ។ នៅនឹងកន្លែងកើតហេតុ បុរសម្នាក់នេះត្រូវបានគេស្គាល់ថាឈ្មោះឡុង សីហា អាយុ៣០ឆ្នាំ ស្នាក់នៅសំណង់១២ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ខាងលើ ឱ្យដឹងថា មុនពេលមានការវាយតប់ដោយក្រុមក្មេងស្ទាវ គឺមានការជជែកគ្នាជាមួយបុរសម្នាក់នេះដោយទារលុយថ្លៃច្រៀងខារ៉ាអូខេ ប៉ុន្តែបុរសនេះប្រកែកថា អស់លុយហើយ។ ពេលនោះក្រុមក្មេងស្ទាវដែលជិះម៉ូតូស៊េរីទំនើបៗម៉ាកហុងដាសេ១២៥ ចំនួន២គ្រឿង និងម៉ាកស្ទេប១គ្រឿង មានគ្នា៥ទៅ៦នាក់ បានប្រើដំបង និងដុំថ្មវាយទៅលើក្បាលបុរសនោះគ្មានត្រាប្រណីឡើយ ។
ក្រោយពីធ្វើសកម្មភាពវាយបុរសខាងលើ ឱ្យដួលក្នុងថ្លុកឈាមហើយ ក្រុមក្មេងស្ទាវទាំងនេះក៏បាននាំគ្នារត់គេចខ្លួន ។ ប៉ុន្តែក្រោយពីកើតហេតុបន្តិច ប៉ូលិសប៉ុស្តិ៍ចតុមុខក៏ឃាត់ខ្លួនបាន២នាក់ ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងបុរសដួលសន្លប់ តែក្មេងស្ទាវទាំង២នាក់នេះបដិសេធថា ខ្លួនមិនបានវាយបុរសនោះទេ ៕


ចែករំលែកព័តមាននេះ