ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជប៉ុន​មាន​ជំងឺ​ប្រចាំ​កាយ​បង្អត់​អាហារ​រហូត​ដល់​ស្លាប់​ចោល​ប្រពន្ធ​និង​កូន​ប្រុស​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖  បុរសចំណាស់ជនជាតិ​ជប៉ុនម្នាក់ឈ្មោះអ៊ុឈិ ថាក់អាគីអុ (UCHITA  ​AKIO) អាយុ៦៥ឆ្នាំ មានប្រពន្ធខ្មែរស្នាក់នៅ ភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយសារតែមានជំងឺប្រចាំកាយព្យាបាល​​​មិន​​​ជា​ក៏បង្អត់​អាហារខ្លួនឯងរយៈពេល១ខែរហូត​ទាល់​តែស្លាប់ចោល​ប្រពន្ធ​​និង​កូន ។ ហេតុ​ការណ៍នេះ​បានកើតឡើងនៅវេលាម៉ោង​៩និង៣០នាទីយប់​ថ្ងៃទី២៧ ឧសភា ២០១២ ហើយត្រូវ​កម្លាំង​​នគរបាលប៉ុស្តិ៍រដ្ឋបាល​កំពង់​ចាម និងនគរបាល​ក្រុងកំពង់ចាម ព្រម​ទាំងនគរបាលបច្ចេក​ទេស​វិទ្យាសាស្រ្តចុះ​ទៅពិនិត្យសពផងដែរ ។

តាមស្រ្តីឈ្មោះឃួន រស្មី អាយុ៣១ឆ្នាំ ត្រូវ​ជាប្រពន្ធបុរសជប៉ុនរូបនេះបានរៀបរាប់​ថា ចំណងដៃអាពាហ៍ពិពាហ៍ជាមួយបុរស​ជប៉ុន​ឈ្មោះ​​អាគីអុ បានបន្សល់​ទុកកូន​ប្រុស​ម្នាក់​ឈ្មោះ​អ៊ុឈិ ថាក់ហ៊ិការុ អាយុ១០ឆ្នាំ រៀនថ្នាក់​ទី​៦«ក» នៅ​​សាលាបឋមសិក្សាបឹងកុក ក្រុង​កំពង់​ចាម។​ ស្ត្រី​ជាប្រពន្ធបានរំលឹកថា មាន​ពេល​មួយដោយ​សារ​តែជីវភាពរបស់នាងមានការ​ខ្វះខាតក៏បានមកស៊ីឈ្មួលជាអ្នកបោសសម្អាត​បន្ទប់នៅផ្ទះសំណាក់ត្រជាក់ចិត្តក្រុងកំពង់ចាម​ដើម្បីយកប្រាក់ផ្តត់ផ្គង់ជីវភាព ស្របពេល​ដែល​​បុរសជប៉ុនជាប្តីមកស្នាក់នៅផ្ទះសំណាក់នោះ​​​​  ដោយចៃដន្យបានជួបនាងក៏ចាប់ចិត្តស្រឡាញ់​លើរូបនាងតែម្តង ហើយ​បាន​ចូល​ស្តី​ដណ្តឹង​ដល់ឪពុកម្តាយ នៅថ្ងៃ​ទី២ កុម្ភៈ ២០០២ ​និង​បាន​រៀបការទៅតាមប្រពៃណីដោយបាន​ប្រព្រឹត្ត​ទៅនៅផ្ទះសំណាក់នោះតែម្តង ។

​ក្រោយ​​មង្គល​​​ការ​ពួកគាត់​បានទៅចុះ​អេតាស៊ី​វិល​នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០២ ដោយមានលោកផ្លោក សុវណ្ណ ចៅ​សង្កាត់កំពង់​ចាមជាសាក្សីផងដែរ ។ បុរស​ជា​ប្តីមានមុខរបរ​ជាអ្នកថតរូបទោះបីជាប្តីដែល​មានវ័យចំណាស់​យ៉ាងណាក្តីនាងស្រឡាញ់ដោយស្មោះត្រង់ជា​គូទៅអនាគតយូរអង្វែង ។

ក្នុង​​ចំណង​ដែល​អនុស្សាវរីយ៍​នាងសម្រាល​បានកូនប្រុសម្នាក់​នៅពេលដែលកូន​ប្រុស​នោះ​មានអាយុ១ខួប ប្តីនាង​នាំទៅលេង​នៅ​ស្រុក​កំណើត​របស់គាត់​នៅក្រុង​OSAKA ប្រទេស​ជប៉ុនបានជិត១ខែ​ទើប​​ត្រឡប់មកស្រុកខ្មែរវិញ ហើយនៅឆ្នាំ​២០០៥ បាននាំម្តាយក្មេក ជន​ជាតិ​ជប៉ុនមករស់​នៅជាមួយម្តុំជិតវត្តជ្រោយថ្ម សង្កាត់​បឹងកុក ក្រុងកំពង់ចាម ។ រហូតមក​ដល់​ឆ្នាំ​២០០៩ ម្តាយ​ក្មេកដែលមានវ័យ៨៥ឆ្នាំ បាន​ស្លាប់​ដោយ​រោគាពាធ​​ ហើយ​បាន​រៀប​ចំ​ធ្វើ​បុណ្យ​​​​ទៅតាមប្រពៃណីខ្មែរ។ ប៉ុន្តែ​មួយ​រយៈ​ពេល​​១​ខែ​ចុង​ក្រោយ​នេះប្តីនាង​ដោយ​សារ​តែ​មាន​ជំងឺ​ឫសដូងបាត មានសភាពធ្ងន់ធ្ងរ ទោះ​បី​ជា​​នាង​លួង​លោម​​​នាំ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យា​បាល​​យ៉ាង​ណា​ក្តីក៏ប្តីមិន​ព្រមទៅដែរ ថែមទាំង​បាន​បង្អត់អាហារខ្លួន​ឯងរយៈពេល​១ខែ​ដោយ​ផឹក​​តែទឹកប៉ុណ្ណោះ ។

នៅយប់ថ្ងៃទី២៧ ឧសភា ប្តីរបស់​នាង​ស្ថិត​ក្នុងសភាពឈឺធ្ងន់នាង​ក៏​បានហៅចាស់ទុំ និមន្ត​ព្រះ​សង្ឃ​២អង្គ តាអាចារ្យមក​សូត្រមន្ត​ឲ្យ នៅ​ពេល​នោះប្តីបាន​និយាយលេង​ជាមួយ​កូនប្រុស​រហូត​ដាច់​ខ្យល់​ស្លាប់ ។

មុនពេល​ស្លាប់​ប្តីនាង​​បាន​ផ្តាំមិនឲ្យ​​ធ្វើបុណ្យ​ទេ​ ប៉ុន្តែនាង​​នៅ​តែ​រៀបចំបុណ្យទៅ​តាមប្រពៃ​ណី ដោយ​យកទៅបូជានៅវត្ត​បឹងកុក ។ ក្រោយ​ពេល​​​​ធ្វើ​បុណ្យ​ចប់ទើប​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំ​ពេញ​ដើម្បីរាយការណ៍ជូនស្ថានទូត​ជប៉ុនឲ្យបាន​ដឹង​ពីមរណភាពរបស់ប្តី ។ 

លោកឃុត រុន នាយប៉ុស្តិ៍សង្កាត់កំពង់ចាម ឲ្យដឹងថា  ក្នុង​​ករណី​ស្លាប់​នេះ​សមត្ថ​កិច្ច​ចុះទៅ​ពិនិត្យដល់ផ្ទះស្នាក់នៅរបស់បុរស​ចំណាស់​​​ជន​ជាតិ​ជប៉ុនឈ្មោះអាគីអុ ឃើញថា ពិត​ជា​បាន​ស្លាប់ដោយសារជំងឺប្រាកដមែន ៕