ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ពោតក្រហម​សំណូម​ពរ​ឱ្យ​ក្រសួង​កសិកម្ម​ផលិត​ពូជ​ផ្តល់​ទិន្ន​ផល​ខ្ពស់​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ដំណាំ​ពោតក្រហមកំពុង​ពេញ​និយម​សម្រាប់​​ប្រជា​កសិករ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​លើក​ដែក ខេត្ដកណ្ដាល និង​បាន​ក្លាយទៅជា​ដំណាំ​លេខ​១ ខណៈ​ដែល​ស្រូវ​បាន​ក្លាយ​ជា​ដំណាំ​លេខ​​២ ។ ប៉ុន្ដែ​​ស្រប​ពេល​ជាមួយ​គា្ន​នេះ គ្រាប់ពូជ​ពោត​ក្រហម​ក៏​កំពុង​តែ​ចោទ​ជា​បញ្ហា​ផង​ដែរ ដោយ​សារ​​តែ​នៅ​ក្នុងស្រុក​ពុំ​ទាន់​មាន​គ្រាប់ពូជ​សម្រាប់​​ប្រជា​កសិករ​ទិញ​យក​មក​​ដាំ​​ឱ្យ​បាន​គ្រប់​គ្រាន់​ ។

ខេត្ត​កណ្តាល​ ៖ ដំណាំ​ពោតក្រហមកំពុង​ពេញ​និយម​សម្រាប់​​ប្រជា​កសិករ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​លើក​ដែក ខេត្ដកណ្ដាល និង​បាន​ក្លាយទៅជា​ដំណាំ​លេខ​១ ខណៈ​ដែល​ស្រូវ​បាន​ក្លាយ​ជា​ដំណាំ​លេខ​​២ ។ ប៉ុន្ដែ​​ស្រប​ពេល​ជាមួយ​គា្ន​នេះ គ្រាប់ពូជ​ពោត​ក្រហម​ក៏​កំពុង​តែ​ចោទ​ជា​បញ្ហា​ផង​ដែរ ដោយ​សារ​​តែ​នៅ​ក្នុងស្រុក​ពុំ​ទាន់​មាន​គ្រាប់ពូជ​សម្រាប់​​ប្រជា​កសិករ​ទិញ​យក​មក​​ដាំ​​ឱ្យ​បាន​គ្រប់​គ្រាន់​ ។

ប្រជា​កសិករ​នៅ​ស្រុក​លើក​ដែក​បាន​និយាយ​ថា ពោត​គឺជា​ដំណាំ​ដែល​ប្រើប្រាស់​ពេលវេលា ប្រហាក់ប្រហែល​ទៅ​នឹង​ដំណាំ​ស្រូវ​ដែរ ប៉ុន្ដែ​វា​ងាយស្រួល​ក្នុង​ការ​ដាំ​និង​ថែរក្សា​ជាង​ដំណាំ​ស្រូវ និង​អាច​ធ្វើ​បាន​ដល់​ទៅ​២​ដង​ក្នុង​១​ឆាំ្ន ហើយ​រឿង​ដែល​សំខាន់​បំផុត​នោះ គឺតម្លៃ​នៅលើទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ខ្ពស់​ជាងតម្លៃ​ស្រូវ​។ ​ស្រូវ​ក្នុង​១​គីឡូក្រាម​តម្លៃ​​តែ​៨០០​ទៅ​៩០០​រៀល​ប៉ុណ្ណោះ រីឯ​ពោតក្រហម​វិញ​លក់​បាន​ដល់​ទៅ​១.០៧០​រៀល​​ក្នុង​១​គីឡូក្រាម និង​មាន​ឈ្មួញ​មក​ប្រមូល​ទិញ​ដល់​មុខ​ផ្ទះ​តែ​ម្ដង ដោយ​មិន​ចាំបាច់​ចំណាយ​ពេលវេលា និង​លុយ​កាក់​ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ​រក​កន្លែង​លក់​នោះ​ទេ ហេតុនេះ​ហើយ​ទើប​ពួកគាត់​​នាំ​​គា្ន​​​ដាំ​ពោត​ក្រហម​នេះ​គ្រប់​ៗ​គ្រួសារ​ ។

លោក​អ៊ុំ​ ឈួ​ន​ម៉ៃ ជា​កសិករ​មា្ន​ក់​ក្នុង​ចំណោម​កសិករ​ក្នុងភូមិ​ដែល​ប្រកប​របរ​ដាំ​ពោត​ក្រហម​នេះ​បាន​និយាយ​ថា​ ការ​ដាំពោត​ក្រហម នេះសព្វថ្ងៃ​គាត់​ទិញ​គ្រាប់ពូជ​ពី​ប្រទេស​វៀត​ណាម​ ដែល​ក្នុង​១​គីឡូក្រាមតម្លៃ​​ជាង​១​ម៉ឺន​រៀល​​​ទៅ​២​ម៉ឺន​រៀល ហើយ​ក្នុង​១​ហិ​កតា ត្រូវ​ចំណាយ​គ្រាប់ពូជ​ជា​មធ្យម​២០​គីឡូក្រាម លុះ​ពេល​ប្រមូល​​ផល​ក្នុង​១​ហិ​កតា​​​ទទួល​បាន​ពោត​ក្រហម​ពី​៧​ទៅ​៨​តោន និង​លក់បាន​ប្រាក់​ពី​៧​លាន​ទៅ​៨​លាន​រៀល ។ បើ​ទូទាត់​ទៅ​លើ​ដើម​ទុន​ដែល​ចំណាយ​ទាំងអស់​ចេញ​ឃើញ​ថា​​នៅ​សល់​ចំណេញ​​បាន​ប្រហែល​៣​ទៅ​៤​លាន​រៀល​ដែរ ​។

ប៉ុន្ដែទន្ទឹម​នឹង​មុខរបរ​ដ៏​កាក់កប​នេះ ក្រុម​អ្នក​ដាំពោត​ទាំងអស់​​បាន​សម្តែង​​នូវ​ការ​ងឿង​​ឆ្ងល់​យ៉ាង​​ខ្លាំង​ទៅ​លើ​គ្រាប់ពូជ​ពោតក្រហម​ដែល​ពួក​គាត់​កំពុង​ដាំ​នោះ ព្រោះ​ថាបើ​ពួក​គាត់​ទិញ​គ្រាប់​ពូជ​ពី​វៀតណាម​មក​ដាំ​នោះ​ ទិន្នផល​នឹង​ទទួល​បាន​ពី​៧​ទៅ​៨​តោន​ក្នុង​១​ហិ​កតា ប៉ុន្ដែ​បើ​ពួក​គាត់​យក​គ្រាប់ពោត​ដែល​ដាំ​បាន​នោះ​មក​ដាំ​បន្ដ​ទៀត បែរជា​ទិន្នផល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​នឹក​ស្មាន​មិន​ដល់ គឺ​បាន​ត្រឹមតែ​២​ទៅ​៣​តោន​ប៉ុណ្ណោះ​ក្នុង​១​ហិ​កតា​ទោះបីជា​ពួក​គាត់​ខំប្រឹង​ដាក់​ជី​យ៉ាង​ណា​ក៏​ដោយ ។ ដូច្នេះ​​ពួក​គាត់​ត្រូវ​បង្ខំចិត្ដ​ទៅ​ទិញ​គ្រាប់ពូជ​ពី​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ឆាំ្ន ទោះ​​បី​គ្រាប់ពូជ​ទាំងនោះ​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ​ ។

ក្រុម​ប្រជា​កសិករ​ទាំងអស់​​បាន​​​សំណូមពរ​ទៅ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​មេត្ដា​ជួយ​បង្កើត​ពូជ​ពោតក្រហម​ក្នុង​​ស្រុក​ដែល​មាន​គុណ​ភាព​ខ្ពស់ និង​តម្លៃ​​សម​ស្រប​សម្រាប់​​លក់​ឱ្យ​ប្រជា​កសិករ​ខ្មែរ​​ ​ជួយ​លើកកម្ពស់​ជីវភាព​ប្រជា​កសិករ​ខ្មែរ​ផង និង​ដើម្បី​​ទប់ស្កាត់​កុំឱ្យ​លុយ​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ច្រើន​​ ៕