រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឃាត់រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ និងបុរស-ស្ត្រីពីរនាក់កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៧ ឧសភា បន្ទាប់ពីរថយន្តនោះបានដឹកបុរសម្នាក់ដែលរងរបួសដោយគ្រាប់កាំភ្លើងត្រូវចំភ្លៅខាងស្តាំនៅស្រុកស៊ីធរកណ្តាលមកកាន់មន្ទីរពេទ្យកាល់ម៉ែត ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះឈ្មោះ ចៃ វេងជ្រុញ អាយុ៣១ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
តាមមន្ត្រីកងរាជអាវុធហត្ថមួយរូបឱ្យដឹងថា កាលពីវេលាម៉ោងប្រហែលជាង១រសៀលថ្ងៃទី២៧ ឧសភា នៅហាងផឹកស៊ីមួយទល់មុខវិទ្យាល័យស៊ីធរកណ្តាល ស្ថិតក្នុងភូមិព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល មានការជួបជុំគ្នាផឹកស៊ី លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួនក៏មានបុរសម្នាក់បានដកកាំភ្លើងខ្លីចេញមកខាងក្រៅ ហើយអារម៉េបញ្ចូលគ្រាប់ ស្រាប់តែផ្ទុះមួយគ្រាប់ត្រូវចំភ្លៅខាងស្តាំបុរសម្នាក់ឈ្មោះចៃ វេងជ្រុញ ។ ភ្លាមៗនោះពួកគេក៏បានលើកជនរងគ្រោះដាក់ក្នុងរថយន្តបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ និងព្យាយាមលាក់លៀមពីហេតុការណ៍ដល់សមត្ថកិច្ចនៅទីនោះ ។
មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយរូបឱ្យដឹងថា បន្ទាប់ពីកើតហេតុ កងរាជអាវុធហត្ថស្រុកស៊ីធរកណ្តាល បានរាយការណ៍មកកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីជួយស្ទាក់ចាប់ខ្មាន់កាំភ្លើងដែលបង្ករបួសស្នាម ហើយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយកងរាជអាវុធហត្ថខណ្ឌដូនពេញ ធ្វើដំណើរមកកាន់មន្ទីរពេទ្យកាល់ម៉ែត តែវាហួសពេលទៅហើយ ព្រោះខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ បន្សល់ទុករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន និងបុរស-ស្ត្រីពីរនាក់ឱ្យនៅមើលរថយន្ត ។
យោងតាមបទបញ្ជារបស់ថ្នាក់លើ កងរាជអាវុធហត្ថបានឆែកឆេរក្នុងរថយន្តនោះ រកឃើញកាំភ្លើងខ្លីមួយដើមម៉ាកឡុក និងខោជើងវែង ពណ៌ខ្មៅមួយប៉ុណ្ណោះ ។ បន្ទាប់ពីឆែកឆេររួច ទាំងរថយន្ត និងបុរស-ស្ត្រីពីរនាក់ដែលយាមរថយន្តនោះត្រូវបានឃាត់ខ្លួនបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីសាកសួររកខ្មាន់កាំភ្លើង ៕



ចែករំលែកព័តមាននេះ