ខេត្តពោធិ៍សាត់ ៖ លោកតាគឹម សូត្រអាយុ១០៣ឆ្នាំ នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន សព្វថ្ងៃរស់នៅយ៉ាងលំបាកវេទនាជាមួយប្រពន្ធទី៥របស់គាត់ឈ្មោះគង់ សឿម អាយុ៧៦ឆ្នាំ ដែលពិការដោយសរសៃទាញដៃទាញជើងដេកនៅតែលើកន្ទេលក្នុងខ្ទមឫស្សី រនាបឫស្សី ជញ្ជាំង និងដំបូលស្លឹកលិចធ្លុះធ្លាយផ្ញើខ្លួនលើដីអ្នកដទៃ និងរស់បានដោយសារអ្នកជិតខាផ្ដល់បាយសម្លឲ្យប៉ុណ្ណោះ ជាការកំដរជីវិតចុងក្រោយរបស់ខ្លួន ។
លោកតាបានរៀបរាប់ប្រាប់កោះសន្តិភាពថា លោកតាមានស្រុកកំណើតនៅខេត្តពោធិ៍សាត់នេះគឺកើតនៅឆ្នាំ១៩០៩ គិតមកដល់ពេលនេះមានអាយុ១០៣ឆ្នាំហើយ ។ ពេលលោកតាដឹងក្ដីមិនទាន់មានផ្លូវរថភ្លើងទេ ហើយដំណាក់ស្ដេចមុនីវង្សនៅឃុំត្រពាំងជង ស្រុកបាកាននេះ ក៏មិនទាន់សាងសង់ដែរ ។ លោកតាមានប្រពន្ធចំនួន៥នាក់សរុបកូនទាំងអស់មានចំនួន៨នាក់ តែប្រពន្ធទី១ដល់ទី៤ និងកូនៗស្លាប់អស់ហើយនៅសល់តែប្រពន្ធទី៥ឈ្មោះគង់ សឿម អាយុ៧៦ឆ្នាំ អត់មានកូនទេរស់នៅជាមួយគ្នាសព្វថ្ងៃនេះ ។
លោកតាធ្លាប់ធ្វើជាទាហានប៉ុន្មានជំនាន់មកហើយដោយរស់នៅតែក្នុងព្រៃនិងតាមជំរំនានាក្នុងទឹកដីប្រទេសថៃទើបតែវិលមករស់នៅស្រុកកំណើតវិញនៅឆ្នាំ១៩៩០ ។ សព្វថ្ងៃលោកតា និងប្រពន្ធពិការផ្ញើខ្លួនលើដីអ្នកដទៃក្នុងខ្ទមលិចធ្លុះធ្លាយពុំមានអ្វីហូបទេ ហើយក៏មិនអាចរកអ្វីបានមកហូបដោយខ្លួនឯងដែរព្រោះខ្លួនចាស់ជរា ភ្នែកងងឹត ស្ដាប់មិនសូវឮ រស់បានដោយសារអ្នកជិតខាងហុចបាយសម្លឲ្យរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។
លោកតាបានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ លោកតាមិនដែលមានជំងឺអ្វីធ្ងន់ធ្ងរក្រៅពីផ្ដាសាយ គ្រុនក្ដៅ ក្អក ឬរាករួសបន្តិចបន្តួចប៉ុណ្ណោះ ហើយក៏មិនសូវប្រើថ្នាំពេទ្យដែរ ។ តាំងពីដើមមក គាត់តែងយកផ្លែសំរោង ឫសស្បូវភ្លាំង និងល្មៀតអង្កោលក្បាលខ្ពស់ដាំទឹកផឹករាល់ថ្ងៃ ទោះបីមកដល់ពេលនេះក៏នៅតែផឹកជាប្រចាំដែរ។
លោកតាបញ្ជាក់ថា ឫសស្បូវភ្លាំងយកបានតែថ្ងៃពេញបូណ៌មីប៉ុណ្ណោះក្រៅពីថ្ងៃនោះពុំមានប្រសិទ្ធភាពទេ ហើយល្មៀតអង្កោលក្បាលខ្ពស់ក៏លំបាករកដែរប៉ុន្តែគាត់បានដាំក្បែរខ្ទមទុកពូជរហូតសម្រាប់ប្រើប្រាស់ខ្លួនឯងដែលមិនអាចដើរឆ្ងាយបាន ។លោកតាមិនហ៊ានអះអាងថា គាត់អាយុវែងដោយសារផឹកថ្នាំនេះទេ ប៉ុន្តែគាត់ផឹកថ្នាំនេះរហូតមក ម្យ៉ាងវិញទៀតគូបបអាហារឆ្ងាញ់ៗនៅផ្សារហូបក្រៅពីបន្លែក្នុងភូមិនោះទេ ។
នេះចាត់ទុកថា ជាកាដូពិសេសមួយរបស់លោកតាគឹម សូត្រ អាយុ១០៣ឆ្នាំ ផ្ញើជូនតាមរយៈកោះសន្តិភាពសម្រាប់មិត្តអ្នកអានណាដែលចង់បានអាយុវែង ប៉ុន្តែសូមនឹកឃើញដល់គាត់វិញផងមុនពេលគាត់អស់ជីវិត ខណៈពេលគាត់កំពុងរស់យ៉ាងវេទនាសព្វថ្ងៃនេះ ៕
ចែករំលែកព័តមាននេះ