រាជធានីភ្នំពេញ ៖ បុរស៣នាក់ដូលរងរបួសរដូករណែលពេញផ្លូវ ខណៈពេលរថយន្តមួយគ្រឿងមិនស្គាល់ម៉ាករេចង្កូតទៅបុកម៉ូតូជិះលើចិញ្ចើមផ្លូវបណ្តាលឱ្យដួល ហើយរថយន្តបើកគេចបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ឧសភា នៅតាមផ្លូវចំការដូង ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានឱ្យដឹងថា ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជិះគ្នា៣នាក់ ជាជាងសំណង់ ទើបនឹងចេញពីផឹកស៊ីនៅម្តុំបឹងក្រពើ តាមផ្លូវវេងស្រេង ពីជើងទៅត្បូង ឆ្ពោះទៅផ្លូវចំការដូង ស្រាប់តែមានរថយន្តមួយគ្រឿងដែលអ្នកខ្លះថា ម៉ាកកាមរីបាឡែន ឯខ្លះទៀតថា កាមរីឆ្លាម ពណ៌ខ្មៅ បើកបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង បោះពួយលឿនស្លេវក្នុងសភាពស្រវឹង បានរេចង្កូតទៅបុកម៉ូតូសង់កូរ៉េ ដែលបើកនៅចិញ្ចើមផ្លូវបណ្តាលឱ្យដួលរដូករណែពេញផ្លូវ ហើយរថយន្តបានព្យាយាមបើករត់គេចបាត់ស្រមោល។
អ្នកបើកម៉ូតូសង់កូរ៉េឈ្មោះ១-ប្រាក់ វត្ថា អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិឈើទាល ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របួសពកថ្ងាស បែកក្បាលចំហៀងខាងស្តាំ ២-ឈ្មោះ យ៉ាន យាន អាយុ៣៧ឆ្នាំ របួសគ្រេចចង្កេះ និងដាច់មេដៃខាងឆ្វេងនៅសល់តែស្បែក និង៣-ឈ្មោះ ចេន អាយុ២៣ឆ្នាំរបួសបាក់ជើងស្តាំ ។ បុរសទាំងបីនាក់ជាជាងសំណង់ និងស្នាក់នៅជាមួយគ្នាក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះបានឱ្យដឹងថា ពួកគេទើបនឹងចេញពីផឹកស៊ីមែនពិត តែមិនហា៊នជិះម៉ូតូលឿនទេ ហើយបើកនៅចិញ្ចើមផ្លូវដែលជាផ្លូវដីទៀត ដោយសារតែខ្លាចគ្រោះថ្នាក់ក៏នៅគេចមិនផុតដោយមានរថយន្តដែលមិនស្គាល់ម៉ាកបើកក្នុងទិសដៅបញ្ច្រាសគ្នាសោះ រេចង្កូតទៅបុកម៉ូតូគាត់ ។ ក្រោយពេលកើតហេតុរថយន្តជ្រុះកញ្ចក់ចំហៀងនៅកន្លែងកើតហេតុ តែមិនដឹងជាអ្នកណាលួចយកទៅបាត់ទៀត ។ ជនរងគ្រោះទាំងបីនាក់ទៅព្យាបាលនៅគ្លីនិកឯកជន ។ ចំណែកម៉ូតូសង់កូរេ៉ បានផ្ញើទុកនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ៕



ចែករំលែកព័តមាននេះ