រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសបែកចិញ្ចើមខាងឆ្វេង ខណៈពេលផឹកស៊ីជាមួយមិត្តភក្តិ៤ទៅ៥នាក់ ហើយពេលស្រវឹងនិយាយអួតអាងពេកធ្វើឱ្យមិត្តភក្តិទ្រាំមិនបានក៏វាយមួយដំបង ។ ករណីនេះកើតឡើងនៅក្រោមស្ពានអាកាស៧មករា ត្រង់សួនច្បារតោ២ តាមមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៤ ឧសភា ។
យុវជនរងរបួសឈ្មោះយិន រតនា អាយុ២៥ឆ្នាំ ស្នាក់នៅភូមិ៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ឱ្យដឹងថា រូបគេ និងមិត្តភក្តិ៤នាក់ទៅ៥នាក់ អង្គុយផឹកស៊ីនៅសួនច្បារតោ២ លុះស្រវឹងម្នាក់ៗសុទ្ធតែនិយាយអួតអាងរៀងខ្លួន ។ចំណែករូបគេពេលនិយាយអួតអាងមិនទាន់រួចពីមាត់ផង ស្រាប់តែត្រូវមិត្តភក្តិម្នាក់ក្នុងចំណោមនោះយកដំបងវាយបណ្តាលឱ្យបែកចិញ្ចើមខាងឆ្វេងហូរឈាម ។ រូបគេត្រូវមិត្តភក្តិផ្សេងទៀតបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនដៃដល់ត្រូវប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី១ នាំខ្លួនទៅសាកសួរ ។
ជនជាប់ចោទប្រកែកថា រូបគេមិនបានវាយមិត្តភក្តិទេ គ្រាន់តែវាសដៃទៅប៉ះបន្តិចប៉ុណ្ណោះ។បន្ទាប់ពីព្យាបាលរួចហើយឈ្មោះយិន រតនា យកវិក្កយបត្របង់ថ្លៃព្យាបាលទៅប្រគល់ឱ្យជនដៃដល់ជាអ្នកចេញថ្លៃ ៕
ចែករំលែកព័តមាននេះ