ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​បាល់ទាត់​រៀបចំដោយក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ីស្តេត​

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​នៅ​លើ​ទី​លាន​វរ​សេនា​តូច​លេខ​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នា​រសៀល​ថ្ងៃ​​អាទិត្យ​ទី​២០ ឧសភា ក្រុម​ហ៊ុន​ខ្មែរ​រៀលអ៊ីស្តេត បាន​រៀប​ចំ​​ព្រឹត្តិ​​​ការណ៍​​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​សម្រាប់​ឆ្នាំ​២០១២ ជា​លើក​ទី​១ ក្នុង​គោល​បំណង​បង្កើត​​​​ការ​ទំនាក់​ទំនង​មិត្ត​ភាព​ សាមគ្គី​ភាព​​រវាង​បណ្តា​ក្រុម​ហ៊ុន និង​មន្ត្រី​រាជ​ការ​ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ។

លោក​គឹម ហៀង អគ្គ​នាយក​ក្រុម​ហ៊ុនខ្មែរ​រៀល​អីុ​ស្តេត​ បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹងថា នេះ​គឺ​ជា​លើក​ទី១ ​ហើយ​ដែល​ក្រុម​ហ៊ុន​របស់​លោក​បាន​​​ប្រមូល​អ្នក​មាន​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​លេង​កីឡា​បាល់​ទាត់​ឱ្យមក​ជួប​ជុំ​គ្នា​​​មាន​រហូត​ដល់​១៤​ក្រុម​ ។ ​ក្នុង​ចំណោម១៤​ក្រុម​​ដែល​ត្រូវ​​​ចូល​រួម​ប្រកួត​នេះ​ ក្រៅ​ពី​បណ្តា​ក្រុម​ហ៊ុន​នានា​ក្នុង​ស្រុក​ ក៏​មាន​ក្រុម​មក​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ដង្កោផង​ដែរ​ ។ មូល​ហេតុ​ដែល​លោក​បង្កើត​​ឱ្យ​មាន​ព្រឹត្តិ​ការ​ណ៍​​​ប្រកួត​ជា​លក្ខណៈ​ចម្រុះ​បែប​នេះ គឺ​លោក​ចង់​បង្កើត​​​ចំណង​ទាក់​ទង​បាន​​ល្អ​រវាង​មន្ត្រី​រាជ​ការ និង​បណ្តា​ក្រុម​ហ៊ុន ក្រៅ​ពី​នោះ ​គឺ​ដើម្បី​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​​ទៀត​ផង​។ ចំណែក​រូប​មន្តនៃ​ការ​​ប្រកួត​​ គឺ​ចែក​ចេញ​ជា​២​ពូល​ ប្រកួត​លក្ខណៈ​ជ​ម្រុះ​វិល​ជុំ តាម​ពូល​នីមួយៗ​ដើម្បី​ស្វែង​រក​ម្ចាស់​ជើង​ឯក​ពិត​ប្រាកដ​នៅ​វគ្គ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ ។

លោក​គឹម ហៀង បាន​បញ្ជាក់​ថា ការ​ប្រកួត​ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដោយ​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​១៩ ឧសភា និង​​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ មិថុនា ខាង​មុខនេះ ។ លោក​​សន្យា​ថា នឹ​ង​បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​បែបនេះ​ជា​រៀង​រាល់​ឆ្នាំ​ និង​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​ឆ្នាំ​នេះទៅ​ទៀត ៕