ការប៉ះទង្គិចគ្នានានាកើតមានកាលពីថ្ងៃទី២០ ឧសភារវាងកងប៉ូលិសនិងពួកបាតុករដែលធ្វើការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅទីក្រុងស៊ីកាហ្គោជាកន្លែងប្រជុំកំពូលរបស់អូតង់ ។បាតុករជិត៣០០០នាក់ ដែលលើកពាក្យស្លោកប្រឆាំងសង្គ្រាមរួចប្រមូលផ្តុំគ្នាកាលពីថ្ងៃទី២០ ឧសភានោះ នៅក្រុងស៊ីកាហ្គោ បានដើរហែក្បួនដោយសន្តិវិធីរួចបញ្ចប់ក្នុងអំពើហិង្សា ។ ប៉ូលិសនិយាយថា បាតុករសរុប៤៥នាក់ បានត្រូវចាប់ខ្លួនតែបើតាមមេធាវីមួួយក្រុមថា បាតុករយ៉ាងតិច១២នាក់ត្រូវរបួសហើយចំនួនមនុស្សត្រូវចាប់ខ្លួនមានដល់ជាង៦០នាក់ឯណោះ ។
បាតុករជាច្រើនរយនាក់និងពួកអ្នកកាសែតបានត្រូវរាំងខ្ទប់ដោយប៉ូលិស ។ ប៉ូលិសដំបូងអំពាវនាវដល់ពួកបាតុករឱ្យបំបែកជួរ តែបាតុករមួយចំនួនពុំព្រមដើរចេញហើយនាំគ្នាស្រែកថា «បិទអង្គការអូតង់ចោលទៅ» ហើយបាតុករមួយចំនួនទៀតបានប៉ុនប៉ងរុញច្រានប៉ូលិសដោយគប់ដុំឈើនិងរបស់របរដទៃទៀតៗ ។
ប៉ូលិសបានវាយបាតុករមួយចំនួនដោយដំបង ។ អតីតយុទ្ធជននៃសង្គ្រាមនៅអុីរ៉ាក់ប្រមាណជា៣០នាក់ ដែលចូលរួមធ្វើបាតុកម្មដែរបានគប់មេដាយរបស់ពួកគេទៅលើរបាំងប៉ូលិស ដែលដាក់ព័ទ្ធជុំវិញកន្លែងប្រជុំរបស់អូតង់ ។ប៉ូលិសនិយាយថា ប៉ូលិស៤នាក់ក៏ត្រូវរបួសដែរដោយម្នាក់ត្រូវគេចាក់នឹងកាំបិតត្រង់ភ្លៅ ៕
ចែករំលែកព័តមាននេះ