ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Gebrselassie​ឈ្នះ​​ជើង​​ឯក​​រត់​​ប្រណាំង Great Manchester Run​នៅ​​អង់​​គ្លេស​

14 ឆ្នាំ មុន

អត្ត​​ពលិក​​រត់​​ប្រ​ណាំង​​របស់​​អេ​​ត្យូ​​ពី​  Haile Gebrselassieបានយក​ឈ្នះ​ជើង​ឯក​កម្ម​វិធី Great Manchester Run​នៅ​ប្រ​ទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​២០​ ឧស​ភា​ កន្លង​មក​នេះ​។ អត្ត​ពលិក​វ័យ​ ៣៩​ឆ្នាំ​រូប​នេះ​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​លើក​ទី​៥ដោយ​ប្រើ​អស់​ថិរវេលា​ ២៧​នា​ទី​និង​៣៩​វិ​នា​ទី​គឺ​ជា​ពេល​វេលា​ដែល​លឿន​ជាង​គេ​បំ​ផុត​នៃ​ការ​រត់​​ចម្ងាយ​១០​គី​ឡូ​ម៉ែត្រ​នៅ​ក្នុង​ឆ្នាំ​នេះ​។​

Haile Gebrselassieពេល​នេះ​បាន​​ផ្តោត​​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចូល​រួម​ជា​លើក​ទី​៥​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ​។ កាល​ពី​ប្រ​កួត​​រត់​ម៉ា​រ៉ា​តុង​កម្ម​វិធី London 2012   Haile Gebrselassieបាន​ខក​ខាន​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​ល្អ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក្តី គេ​បាន​ផ្តោត​ការ​ប្រ​កួត​លើ​វិញ្ញាសារត់​ចម្ងាយ​១០​គី​ឡូ​ម៉ែត្រ​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ​នា​ទី​ក្រុង​ឡុង​ខែ​កក្កដា​ខាង​មុខ​នេះ​។

​នៅ​ថ្ងៃ​អា​ទិត្យ​សប្តា​ហ៍​ក្រោយ​ Haile Gebrselassieនឹង​ទៅ​ចូល​រួម​ប្រ​កួត​នៅ​ទី​ក្រុង Hengelo ប្រ​ទេស​ហូ​ឡង់​។ ជើង​ឯក​ពិភព​លោក​៤​ដង​រត់​ចម្ងាយ​១០គី​ឡូ​ម៉ែត្រ​រូប​នេះ​បាន​ថ្លែង​ថា​៖«ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ គ្រប់​យ៉ាង​បាន​ដំ​ណើរ​ការ​ទៅ​យ៉ាង​រលូន​។ ការរត់​បាន​លឿន​ដូចជា​ពេល​នេះ​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​នោះ​ទេ​។ ខ្ញុំ​ចង់​រត់​ឱ្យ​លឿន​ជាង​នេះ​ដោយ​ប្រើ​ពេល​ក្រោម​២៧​នា​ទី»។​

Gebrselassieដែល​ជា​ម្ចាស់​ជើង​ឯក​អូ​ឡាំ​ពិក​២​លើក​ផង​នោះ​បាន​បន្ត​ថា​៖«យោង​តាម​ការ​ហ្វឹក​ហាត់​នៅ​ឆ្នាំ​នេះ ខ្ញុំ​មាន​អា​រម្មណ៍​ថានៅ​លើ​ផ្លូវ​រត់​លើ​ទី​លាន​  ខ្ញុំ​ពិត​ជា​​អាច​រត់​បាន​លឿន​ជាង​ពេល​មុន​ៗ​។ ខ្ញុំ​ចង់​រត់​ដោយ​ប្រើ​ពេល​ក្រោម​២៧​នា​ទី ។​ នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​កំ​ពុង​គិត​។ បើ​រត់​នៅ​លើ​ផ្លូវ​ថ្នល​់​លឿន​បាន​ប៉ុនហ្នឹង​ហើយ​ ហេតុ​អ្វី​នៅ​លើ​ទី​លាន​រត់​ប្រ​ណាំង​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ​នោះ​? »។

​ចំណែក​លទ្ធផល​ផ្នែក​នា​រី​វិញ អត្ត​ពលិក​កេន​យ៉ា នាង Linet Masaiគឺ​ជា​អ្នក​ដណ្តើម​បាន​ជ័យ​ជម្នះ​។ Masaiដែល​អតី​តជា​ជើង​ឯក​ពិភពលោក​រត់​ចម្ងាយ ១០.០០០ម៉ែត្រ​ប្រើ​អស់​ថិរ​វេលា​ ៣១​នា​ទី​និង​៣៥​វិ​នា​ទី ៕​