ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹប​ Napoli បំបាក់​ Juventus ២​ទល់​នឹង​០ លើក​ពាន​អ៊ីតាលី​ខាប់ បន្ទាប់​ពី​រង់​ចាំ​អស់​រយៈ​២៥​ឆ្នាំ

14 ឆ្នាំ មុន

ទោះ​បី​ជា​មិន​អាច​ប្រជែង​យកតំណែង​​ជើង​ឯក​​​ក្រប​ខណ្ឌ​អ៊ីតាលីស៊េរី​ A បានក៏​​ដោយ ក៏​ក្រុម​ Napoli មិន​បញ្ចប់​រដូវ​កាល​ដោយ​ដៃ​ទទេសោះ​ឡើយ ពោល​គឺ​គេ​បាន​បំបាក់​ក្រុម​​គ្រង​តំណែង​ជើង​ឯកអ៊ីតាលី​ស៊េរី​ A Juventus ដោយ​លទ្ធ​ផល​ 2-0 កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​២០ ឧសភា ឆ្នាំ​២០១២ ​​​នៅ​ពហុ​កីឡដ្ឋាន​ Stadio Olimpico ក្នុង​ទី​ក្រុង​រ៉ូម មាន​ឱ​កាស​លើ​ក​ពាន​អ៊ីតាលី​ខាប់ ​មួយដែរ។

នេះ​គឺ​ជា​ការ​លើក​ពាន​រង្វាន់​​អ៊ីតាលី​​ខាប់​​លើក​ទី​១​របស់​ក្លឹប Napoli ដែល​បាន​ទទ្ទឹងរង់​ចាំ​អស់​រយៈ​ពេល​២៥​ឆ្នាំ​​មក​ហើយ ។
​ក្លឹប​បាល់​ទាត់​ Napoli ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ក្រប​ខណ្ឌ​អីុតាលី​ស៊េរី​ A ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៩០ និង​ពាន​រង្វាន់​អ៊ីតាលី​ខាប់​​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៨៧ ។ ការ​យក​ឈ្នះ 2-0 របស់​ក្លឹប Napoli បាន​ធ្វើ​ឱ្យ​ក្លឹប Juventus​ រង​​ការ​បរា​ជ័យ​លើក​ទី​១​នៅ​ក្នុង​រដូវ​កាល​នេះ ​បន្ទាប់​ពី​គេ​លេង​ឈ្នះ​២០​ប្រកួត និង​ស្មើ ១៦​ប្រកួត ។

នៅ​ក្នុង​ដំណើរ​ការ​ប្រកួត​តង់​ទី​១ ទោះ​បី​ជា​មាន​ការ​សម្រុក​គ្នា​ទៅ​វិញ​ទៅមក​​រវាង​ក្រុម​ទាំង​ពីរ​បែបណា​ក្តី ក៏​ពួក​គេ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​​បាន​ឡើយ ​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​​តង់​ទី​១ ទទួល​បាន​លទ្ធ​ផល​ស្មើ 0-0 ។ចូល​មក​ដល់​តង់​ទី​២ ក្រុម Napoli ​ទទួល​បាន​បាល់​​​​សំណាង​ប៉េ​ណាល់​ទី​​​១​គ្រាប់​ ​បន្ទាប់​ពី​កីឡា​ករ​ចាំ​ទី Marco Storari ប៉ះ​ទង្គិច​ជា​មួយ​កីឡា​ករ​ Lavezzi ក្លឹប Lazio ធ្វើ​ឱ្យ​កីឡា​ករ​ Cavani មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​​នាំ​មុខ​ 1-0 ។ ចូល​មក​ដល់​នាទី​ទី​៨៣ កីឡា​ករ​ Hamsik បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​បន្ថែម​​ទៀត​ ហើយ​បាន​រក្សា​លទ្ធ​ផល 2-0 នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​​ មាន​ឱកាស​លើក​ពាន​ ។ ចំណែក​ឯ​ក្រុម​ Juventus ក៏​មិន​មាន​​ការ​សោក​ស្តាយ​ប៉ុន្មាន​ដែរ ដោយ​សារ​គេ​ទទួល​​បាន​ពាន​រង្វាន់​​អីុតាលី​ស៊េរី A មួយរួច​ហើយ៕