រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រសិនបើតម្លៃប្រេងឡើងថ្លៃ វានឹងធ្វើអោយប៉ះពាល់ដល់តម្លៃស្បៀងអាហារ ពីព្រោះបញ្ហាទំាងពីរនេះ មានការពាក់ព័ន្ធគ្នាទៅវិញទៅមក ។ សម្តេចតេជោក្នុងនាមជាប្រធានអាស៊ាន ក៏បានអំពាវនាវអោយពិភពលោកបើកកិច្ចប្រជុំពិភាក្សាស្ដីពីការផ្សារភ្ជាប់រវាងសន្ដិសុខស្បៀង និងសន្ដិសុខថាមពល ដោយសារតែបញ្ហាទាំងពីរនេះ បានដើរតួនាទីយ៉ាងសំខាន់ដូចគ្នា និងមានតម្លៃដូចគ្នា ហើយការផ្សារភ្ជាប់នូវបញ្ហាទាំងពីរនេះមិនទាន់ត្រូវបានវេទិកាអន្ដរជាតិណាមួយពិភាក្សានៅឡើយទេ បើទោះបី មានកិច្ចប្រជុំ G20ដែលលើកឡើងពីបញ្ហាសន្ដិសុខស្បៀងនេះ ក៏ដោយ ។
ប្រសាសន៏ថ្លែងរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះគឺបានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ក្រោម ប្រធានបទ អាហារូបត្ថម្ភរបស់មាតានិងកុមារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តីនា ព្រឹកថ្ងៃទី២១ឧសភា ២០១២នេះ ។
ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានអះអាងផងដែរថា ប្រទេសកម្ពុជានឹងពុំមានបញ្ហាសន្តិសុខស្បៀងកើតឡើងទេ ពីព្រោះនៅក្នុងឆ្នាំ២០១២នេះ កម្ពុជាអាចនឹង សល់អង្ករចំនួន២,៧៨ លានតោន ថ្វីដ្បិតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួល បណ្តាលឲ្យមានភាពរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏យើងនៅតែអាចបង្កើនផលិតកម្មដំណាំស្បៀង ជាពិសេសដំណាំងស្រូវ តាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការកែលម្អបច្ចេកវិទ្យាកសិកម្ម ។ តាមរយៈនេះ យើងអាចវាយតម្លៃបានថា កម្ពុជាពិតអាចរក្សាបាននូវសន្តិសុខស្បៀងរបស់ខ្លួន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕



ចែករំលែកព័តមាននេះ