រាជធានីភ្នំពេញ ៖ នៅលើទីលានវរសេនាតូចលេខ២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នារសៀលថ្ងៃអាទិត្យទី២០ ឧសភា ក្រុមហ៊ុនខ្មែររៀលអីុស្តេត បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្រាប់ឆ្នាំ២០១២ ជាលើកទី១ ក្នុងគោលបំណងបង្កើតការទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងបណ្តាក្រុមហ៊ុន និងមន្ត្រីរាជការឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ។
លោកគឹម ហៀង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអីុស្តេត បានប្រាប់កោះសន្តិភាពឱ្យដឹងថា នេះគឺជាលើកទី១ ហើយដែលក្រុមហ៊ុនរបស់លោកបានប្រមូលអ្នកមាននិស្ស័យស្រឡាញ់ចូលចិត្តលេងកីឡាបាល់ទាត់ឱ្យមកជួបជុំគ្នាមានរហូតដល់១៤ក្រុម ។ ក្នុងចំណោម១៤ក្រុមដែលត្រូវចូលរួមប្រកួតនេះ ក្រៅពីបណ្តាក្រុមហ៊ុននានាក្នុងស្រុក ក៏មានក្រុមមកពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោផងដែរ ។ មូលហេតុដែលលោកបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតជាលក្ខណៈចម្រុះបែបនេះ គឺលោកចង់បង្កើតចំណងទាក់ទងបានល្អរវាងមន្ត្រីរាជការ និងបណ្តាក្រុមហ៊ុន ក្រៅពីនោះ គឺដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តទៀតផង។ ចំណែករូបមន្តនៃការប្រកួត គឺចែកចេញជា២ពូល ប្រកួតលក្ខណៈជម្រុះវិលជុំ តាមពូលនីមួយៗដើម្បីស្វែងរកម្ចាស់ជើងឯកពិតប្រាកដនៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ។
លោកគឹម ហៀង បានបញ្ជាក់ថា ការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ឧសភា និងបញ្ចប់នៅថ្ងៃទី១៧ មិថុនា ខាងមុខនេះ ។ លោកសន្យាថា នឹងបង្កើតឱ្យមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំ និងធ្វើឱ្យបានល្អជាងឆ្នាំនេះទៅទៀត ៕
ចែករំលែកព័តមាននេះ