ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួលតាណរ​​កន្លែង​​​​​សម្លាប់​​មនុស្ស​​​សម័យ​ប៉ុលពត​ ក្លាយជា​វិមាន​តម្កល់​អដ្ឋិធាតុ

14 ឆ្នាំ មុន

ខេត្ត​​ស្វាយរៀង ៖ កាល​ពី​​​​ព្រឹក​ថ្ងៃទី​​​​​២០ ឧសភា​ ​​​នៅ​វិមាន​​​តម្កល់​​​​អដ្ឋិធាតុ​​អ្នករងគ្រោះ​​​​​ក្នុង​​​​របប​ប្រល័យ​ពូជសាសាន៍​​​​​​ប៉ុល​ ពត នៅ​ភូមិ​តា​ណរ​​ សង្កាត់​​​​ស្វាយ​តឿ​ ​ក្រុង​​​ស្វាយ​រៀង ​​បាន​រៀប​ចំពិធី​​​​​គោរព​​​វិញ្ញណក្ខន្ធ​​​​ប្រជា​​ជន​​​កម្ពុជា ​​​ដែល​​​​​បាន​ស្លាប់​ដោយ​​​របប​​​ប៉ុល​ ពត ។ ពិធីនេះ​​​ប្រព្រឹត្តទៅក្រោម​​​​អធិ​បតីភាព​​​​លោក​​ ​ជៀង អំ​​ ប្រធាន​​គណៈ​​​កម្មាធិការ​​​​​​គណបក្ស​​​ខេត្ត​​​​​​ ព្រមទាំង​​​​លោក លោកស្រី និងប្រជា​ពលរដ្ឋ​​​​​យ៉ាង​ច្រើន​​កុះករ ។​

​ក្រោយ​​​ពេលកា​រសំណេះសំណាល​​​​របស់​​​លោក ជៀង អំ ​រួចមក ​​ក្រុម​សិល្បៈ​​មន្ទីរ​វប្បធម៌​​​​​​ និង​​វិចិត្រ​សិល្បៈ​​​​​ខេត្ត​ ​បាន​សម្តែង​​​​ឈុត​​​ឆាក​ក្នុង​របប​​​​​អាវ​ខ្មៅ​​​ដែល​បាន​​​បង្ខំ​​​​ឱ្យ​ប្រជា​​ពលរដ្ឋ​​ខ្មែរ​ធ្វើ​​​​ការ​ហួស​​​កម្លាំង​​ បង្អត់​អាហារ​ ​​ ការ​ធ្វើ​​ទារុណ​កម្ម​​​​យ៉ាង​សាហាវ  ហើយ​កាប់​សម្លាប់ និង​​វាយ​ដោយ​​​​គល់​ឫស្សី​​​​ ត្បូង​ចប និង​ស្វាយកាំ​ភ្លើង​​​​​ មើល​ទៅ​​​​​គួរ​ឱ្យ​​​​ឈឺចាប់​​​​ក្រៃលែង​​ធ្វើ​ឱ្យ​​​អ្នក​ចូលរួម​​​​ក្នុង​​ពិធី​នោះ​​​មាន​ការ​រន្ធត់​​​​ចិត្ត​​​ស្រក់ទឹក​ភែ្នក​​​​​​​​គ្រប់​ៗ​គ្នា​ ​​។ សូម​្បី​​​​តែ​ក្មេង​​​ដែល​​កើ​ត​មិនទាន់​​​​របប​វាល​​ពិឃាដ​​​​នោះក៏​​​ទប់​ទឹកភ្នែក​​​​មិន​បានដែរ ខណ​ៈ​ឃើញ​​កា​រ​សម្តែង​​​ពី​​អំពើ​​​​​​ដ៏​ឃោរឃៅ​ និង​ការ​ធ្វើ​ទារុណកម្ម​​​​​ដល់​​​តួ​ជន​រងគ្រោះ​​​​ ​ជាពិសេស​​​​​ការ​ទួញ​សោក​​​​​​សង្រេង​​របស់​​​កុមារី​​​ដែល​​ទ្រហោ​យំ ស្រែក​​​អង្រួន​​​​ឪពុក​​ម្តាយ​​​​ដែល​​​ដេក​ស្លាប់​​ដោយ​ពួក​ប៉ុល ពត សម្លាប់ ។​

​ក្នុង​ឱកាស​​​នោះ លោក​​​ឧត្ត​មសេនីយ៍​ត្រី​ ​ប្រាជ្ញ​ ​រឹម ​ស្នង​ការ​​​​នគ​របាល​​​​​​​​ខេត្ត​​​បាន​ទៅ​ដាក់​​​កម្រ​ង​ផ្កា​អុជ​ធូប​​ទៀន គោរ​ព​​​​​វិញ្ញាណក្ខន្ធ​​​​​​អ្នក​រង​គ្រោះ​បាន​មាន​ប្រសាសន៍​​​​​ទាំង​​ក្តុក​​ក្តួល​​​​ថា ទី​ទួល​​​​តម្កល់​អដ្ឋិធាតុ​​​​​​តាណរនេះ ពួក​​​ប៉ុលពត​បាន​ចាប់​​​​រូបលោក​​​ និង​អ្នក​​​​ទោស​​​២៦​នាក់​​​​ ​មកពី​​​ស្រុក​ចន្ទ្រា​​ ព្រម​ទាំង​​​​ប្រជាជន​​​ប្រមាណ​ ១.០០០ នាក់​​ យក​មក​​​ឃុំ​​ខ្លួននៅ​​​ទីនេះ ​ហើយបាន​​​កាប់​សម្លាប់​​​​យ៉ាង​ឃោរ​ឃៅ​​​​​​ ។ ​ប៉ុន្តែ​​​​រូប​លោក​​​មាន​សំណាង​ល្អ ​​ត្រូវពួក​​​​​​ខ្មែរ​ក្រហម​​​​​បញ្ជូន​​​​​យកទៅ​​​​​ដាក់ទោស​​​​នៅ​បឹង​​​គ្រៀល​​ក៏​ត្រូវ​​​រណសិរ្ស​​សាមគ្គីសង្គ្រោះ​ជាតិ​កម្ពុជា​រំដោះ​​ឱ្យ​​​​រួច​ផុត​​​​​​ពី​​ការស្លាប់ ។​​ ​

ពិធី​នោះ ​​​ក៏មាន​ការ​រាប់​បាត្រ​​ប្រគេន​​​​​ព្រះ​សង្ឃ​ចំនួន​៧៩​អង្គ​​ ដើម្បី​​​​ឧទ្ទិសកុសល​ផល​បុណ្យ​ជូន​​ដល់​វិញ្ញាណក្ខន្ធ​​​​​​អ្នក​រងគ្រោះ​​​រាប់​លាន​នាក់​​ ដែល​ស្លាប់​​​យ៉ាង​អយុតិ្ត​ធម៌  ៕