ខេត្តកំពង់ស្ពឺ ៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អំណោយប្រឡាយមេរលាំងជ្រៃខាងជើងប្រវែង៣.៩០០ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពស្រូវនិងដំណាំកសិកម្មគ្រប់ប្រភេទក្នុងឃុំបែកចាន និងឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ ពិធីបើកការដ្ឋានស្ថាបនាប្រឡាយនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០១២ ដោយមានការចូលរួមពីលោក រស់ វណ្ណា អនុប្រធានទី១គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំបែកចាន និងឃុំក្រាំងម្កាក់ និងលោកឆាយ ត្រលន់ អនុប្រធានក្រុមការងារ ។
លោក សាមុត ធឿន អភិបាលស្រុកអង្គស្នួល បានឱ្យដឹងថា ប្រឡាយមេរលាំងជ្រៃខាងជើង១ខ្សែនេះ ជាសមិទ្ធផលថ្មីឆ្លងកាត់ឃុំ២ គឺឃុំឆក់ឈើនាង និងឃុំបែកចាន មានប្រវែង៣.៩០០ម៉ែត្រ បាតក្រោម១,៥០ម៉ែត្រ ជម្រៅ១,៥០ម៉ែត្រ និងមាត់លើ៦,៥០ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ទុកជាចំណងដៃជូនប្រជាពលរដ្ឋធ្វើស្រែចម្ការ និងរំដោះជំនន់ទឹកភ្លៀងដែលតែងតែលិចលង់ផ្នែកខាងជើងផ្លូវជាតិលេខ៤ជារៀងរាល់ឆ្នាំនិងពេលធ្វើរួចប្រឡាយមេនេះ មានលទ្ធភាពអាចស្រោចស្រពលើផ្ទៃដីស្រែចំនួន១ពាន់៤០ហិកតា ។
លោក បណ្ឌិត រស់ វណ្ណា មានប្រសាសន៍ថា ប្រព័ន្ធធារាសាស្ត្រ គឺជាសរសៃឈាមអាទិភាពសម្រាប់ការងារកសិកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើការប្តេជ្ញាចិត្តផលិតនាំអង្ករចេញទៅក្រៅប្រទេសឱ្យបានជាង១លានតោននៅឆ្នាំ២០១៥ ។ ដូច្នេះប្រជាកសិករនៅឃុំបែកចាន និងឃុំឆក់ឈើនាង ក៏ដូចជានៅទូទាំងប្រទេសសូមជំរុញការងារធ្វើស្រូវបន្ថែមទៀតលើផ្ទៃដីដែលមានស្រាប់ ដោយប្រើប្រាស់សក្តានុពលឱ្យអស់លទ្ធភាព ព្រោះយើងមានប្រព័ន្ធស្រោចស្រពកាន់តែម្បូរជាងមុន ។ ម៉្យាងទៀត ត្រូវជ្រើសរើសពូជស្រូវដែលសុទ្ធល្អ ដើម្បីទទួលបានទាំងគុណភាព និងបរិមាណសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ ។
លោករស់ វណ្ណា បញ្ជាក់ថា អាស្រ័យដោយសេដ្ឋកិច្ចមានសន្ទុះរីកចម្រើន ទើបមានការវាយតម្លៃជាសាកលថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៥ក្នុងចំណោមប្រទេសលើសាកលលោក លើការអភិវឌ្ឍសេដ្ឋកិច្ច ។ ពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខនេះ លោកបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវរក្សា និងកំណត់ឱ្យបានច្បាស់នូវកម្លាំងពិត សំឡេងពិត ដែលជាប្រភពនៃការគាំទ្រដល់គណបក្សក្នុងការបោះឆ្នោត ហើយត្រូវផ្តល់ការណែនាំដល់សមាជិកគ្រប់ៗរូបឱ្យកត់សម្គាល់ឱ្យបានច្បាស់សញ្ញាគណបក្ស និងលំដាប់លេខរៀងគណបក្សនៅក្នុងសន្នឹកឆ្នោត និងអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គ.ជ.ប ។
នៅក្នុងឱកាសនោះដែរ លោក រស់ វណ្ណា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែននិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភដល់គណៈកម្មាធិការបក្សឃុំបែកចាន ថវិកាចំនួន២លាន៨សែន១ម៉ឺន៥ពាន់រៀល ប្រេងសាំងចំនួន១០០លីត្រ សម្រាប់បម្រើការងារបក្សមូលដ្ឋាន ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានចូលរួមទាំង៩៥២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀលនិងសារុង១ និងឧបត្ថម្ភ ការរៀបចំកម្មវិធី ថវិកាចំនួន៥សែនរៀល ។
ក្នុងថ្ងៃដដែលនោះដែរ តបតាមសំណូមពររបស់កម្មកររោងចក្រកាត់ដេរចំនួនបីរួមមាន រោងចក្រតៃយានទី១, តៃយានទី២ និងរោងចក្រថាំវែល ប្រមាណជាង១ពាន់នាក់ដែលមានទីតាំងនៅក្នុងឃុំបែកចាន ហើយមានវិវាទការងារជាមួយថៅកែរោងចក្រ និងធ្វើបាតុកម្មតវ៉ាទាមទារចំនួន២ចំណុចដោយសារតែថៅកែរោងចក្រចង់ប្តូរឈ្មោះរោងចក្រខាងលើ ជំនួសឈ្មោះថ្មីវិញ កម្មករភ័យខ្លាចបាត់បង់ប្រាក់អតីតភាព ការងារ និងប្រាក់ការងារ និងទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំ លោករស់ វណ្ណា រួមនឹងតំណាងកម្មករ សហជីព តំណាងមន្ទីរការងារខេត្ត និងអាជ្ញាធរស្រុកបានធ្វើការសម្របសម្រួលជាមួយតំណាងថៅកែរោងចក្រ ។
ជាលទ្ធផល ភាគីខាងកម្មករក៏បានយល់ព្រមជាបណ្តោះអាសន្នតាមការដោះស្រាយដោយចូលធ្វើការបន្តទៀតសិន ទុកពេលឱ្យក្រុមការងារធ្វើការសម្របសម្រួលបន្តទៀតលើចំណុចពុំទាន់បានឯកភាពគ្នានៅឡើយ ៕



ចែករំលែកព័តមាននេះ