រាជធានីភ្នំពេញ ៖ ថ្ងៃទី១៣ ឧសភា ជាថ្ងៃដែលពិភពលោកកំណត់ជាទិវាអ្នកម្ដាយ ដើម្បីរំលឹកគុណមាតាទាំងឡាយនៅទូទាំងពិភពលោក ។ ថ្ងៃនេះដែរ ជាថ្ងៃដែលបុត្រធីតានៅលើពិភពលោកសម្តែងនូវការដឹងគុណនិងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ពួកគេជូនចំពោះអ្នកម្ដាយជាទីគោរពរស្រឡាញ់តាមរយៈពាក្យពេចន៍ជូនពរ ឬជាកាដូមានតម្លៃផ្សេងៗ ។ ក៏ប៉ុន្ដែជាធម្មតាមិនមានកូនច្រើននាក់ទេ ដែលក្លាហានហ៊ានសារភាពហើយ និយាយប្រាប់ទៅអ្នកម្ដាយរបស់គេថា «ម៉ាក់កូនស្រឡាញ់ម៉ាក់!» ដោយពួកគេតែងតែមានភាពអៀនខ្មាស ។
យល់ពីអារម្មណ៍របស់កូនៗទាំងនោះ ស្វិនសិនបានបង្កើតឱ្យមានការប្រលងសរសេរអត្ថបទ និងកំណាព្យពីអ្នកម្ដាយដើម្បីឱ្យពួកគេមានឱកាសបានបង្ហាញពីការស្រឡាញ់ដ៏ធំធេងនោះឱ្យពិភពលោកបានដឹង ។ ក្នុងចំណោមអត្ថបទ និងកំណាព្យដ៏មានអត្ថន័យជាច្រើន ដែលខ្លះត្រូវបានសរសេរ និងនិពន្ធឡើងជាភាសាខ្មែរ និងខ្លះជាភាសាអង់គ្លេស អត្ថបទរបស់ កញ្ញា លី ធីលក្ខិណា ជាអត្ថបទដែលទទួលបានការគាំទ្រច្រីនបំផុតតាមរយៈការបោះឆោ្នតគាំទ្រនៅលើទំព័រ Facebook របស់ស្វិនសិន http:// www.facebook.com/swensencambodia ។អត្ថបទនោះត្រូវបានសរសេរជាមួយនឹងអារម្មណ៍ពិតរបស់ប្អូនដែលបង្ហាញពីការស្រឡាញ់ ការសោកស្ដាយ និងសុំទោសចំពោះ កំហុសឆ្គងទាំងឡាយរបស់ប្អូនកន្លងមក ។
ខាងក្រោមនេះជាការដកស្រង់នៃអត្ថបទដែលជាប់លេខ១នេះ «…គាត់ជាខ្យល់ដង្ហើមចេញចូលរបស់ខ្ញុំ ព្រោះគាត់សុខចិត្ដខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យខ្ញុំមានក្ដីសុខ ។ គ្រប់ពេលគាត់តែងតែនិយាយច្រើន និងស្ដីបន្ទោសដាក់ខ្ញុំ ។ ខ្ញុំស្អប់និងធុញនឹងសម្តីទាំងនោះរហូតដល់ខ្ញុំគិតថា គាត់មិនដែលស្រឡាញ់ខ្ញំទេ ។ ប៉ុន្ដែនៅពេលនេះ ខ្ញុំមិនសូវបានឮសម្តីទាំងនោះទៀតទេ ដោយសារតែគាត់និងខ្ញុំត្រូវរស់នៅឆ្ងាយពីគ្នា ។ ហើយវាជាពេលដែលខ្ញុំនឹកនិងគិតដល់សម្តីទាំងនោះគឺជាការទូន្មានដ៏ល្អ បង្ហាញពីក្ដីបារម្ភចង់ឱ្យខ្ញុំល្អ និងបង្កប់នូវក្ដីស្រឡាញ់តែប៉ុណ្ណោះ ។ ទាំងនេះជាអ្វីដែលខ្ញុំចង់ប្រាប់គាត់ និងបញ្ជាក់ថា ខ្ញុំពិតជាសុំទោស អរគុណ និងស្រឡាញ់គាត់ខ្លាំង ណាស់ ។ គាត់ម្នាក់នោះគឺជាម៉ាក់ដ៏សែនល្អរបស់ខ្ញុំ» ។
ស្វិនសិនសង្ឃឹមថា អ្នកម៉ាក់របស់លក្ខិណា នឹងបានអានអត្ថបទមួយនេះ ដែលសរសេរដោយកូនស្រីជាទីស្រឡាញ់របស់គាត់ ។ ជឿជាក់ថា គាត់ប្រាកដជារំភើបចំពោះភាពធំដឹងក្ដីរបស់កូនស្រីម្នាក់នេះ ។ ស្វិនសិន សូមជូនពរឱ្យអ្នកម្ដាយរបស់លក្ខិណា មានសុខភាពល្អមាំមួនដើម្បីនៅជាម្លប់ដល់កូនស្រីដ៏ឆ្លាតវៃរបស់គាត់រហូតដល់ពេលនាងបព្ចាប់ការសិក្សា និងមានឱកាសបានមើលថែ និងតបស្នងសងគុណដ៏ធំធេងនោះបានខ្លះ ។
សង្ឃឹមថា ប្អូនស្រីលក្ខិណានិងអ្នកម៉ាក់របស់ប្អូននឹងរីករាយជាមួយការញ៉ាំការ៉េមឥតគិតថ្លៃរយៈពេលពេញមួយឆ្នាំដែលជាការផ្ដល់ជូនយ៉ាងពិសេសពីការ៉េមស្វិនសិន ៕
ចែករំលែកព័តមាននេះ