រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ជាក្រុមហ៊ុនឯកជនពិតមែន ប៉ុន្តែតែងតែមានការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គមតាមរយៈការងារសង្គមកិច្ចរបស់ខ្លួន ។
ក្រៅពីការងារសង្គមកិច្ចទូទៅ សកម្មភាពបណ្ណាល័យចល័តតែងតែចុះជាប់ជាមួយសហគមន៍ដើម្បីផ្តល់នូវឱកាសដល់ក្មេងៗដែលកំពុងរស់នៅតាមសហគមន៍ទទួលបាននូវការអប់រំក្រៅប្រព័ន្ធ ការលើកកម្ពស់ទម្លាប់នៃការអានសៀវភៅ ការអប់រំសុខភាពអនាម័យខ្លួនប្រាណ និងការចូលរួមលេងល្បែងកម្សាន្តល្បងប្រាជ្ញាផ្សេងៗ ពីសំណាក់បុគ្គលិក និងក្រុមអ្នកគ្រូពេទ្យបណ្តាល័យចល័តរបស់ក្រុមហ៊ុនឯកជនមួយ
នេះ ។
ក្មេងៗមកពីគ្រប់រូបភាព ទោះបីជាក្មេងដើររើសអេតចាយក្តីតែងតែទទួលបាននូវក្តីស្រឡាញ់ និងលើកទឹកចិត្តឱ្យមានការតស៊ូ ឱ្យតម្លៃជីវិត និងជាការបំផុសគំនិតដល់ក្មេងៗដទៃទៀតកុំឱ្យមានការរើសអើង ផ្ទុយទៅវិញពួកគេតែងតែទទួលបាននូវការបណ្តុះគំនិតឱ្យចេះគោរពស្រឡាញ់ និងចេះជួយគ្នាទៅវិញទៅមកក្នុងការរស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ក៏ដូចជាថ្ងៃអនាគត ។
ការចូលរួមរបស់ក្រុមគ្រូពេទ្យពិតជាមានសារសំខាន់យ៉ាងខ្លាំងក្នុងការផ្តល់ការអប់រំសុខភាពអនាម័យខ្លួនប្រាណដល់ក្មេងក្នុងសហគមន៍ ដូចជាការលាងសំអាតដៃ ការកាត់ក្រចកដៃ និងការកក់សក់ជាដើម គឺជាការលើកកម្ពស់សុខភាពដ៏ល្អប្រពៃក្នុងការរស់នៅប្រចាំថ្ងៃរបស់ក្មេងៗទាំងនោះ ។
លើសពីនេះទៅទៀត កម្មវិធីវិទ្យុរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក៏កំពុងតែបានបម្រើផលប្រយោជន៍ដល់សង្គមពោលគឺ ប្រិយមិត្តដែលតែងតែមានភក្តីភាពក្នុងការតាមដានស្តាប់កម្មវិធី«សង្គម និងការអប់រំ» នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង២រសៀលដល់ម៉ោង៣រសៀលតាមរយៈវិទ្យុទន្លេអេហ្វអឹម១០២.៥ ដែលមានប្រធានបទអប់រំល្អៗជាច្រើនមានដូចជា មាតាបិតា និងការអប់រំបុត្រធីតា តម្លៃនៃការតស៊ូ យុវជន និងការអភិវឌ្ឍ សុខភាព និងបរិស្ថាន ។
គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីចំនួន៣បន្ថែមទៀតរបស់សាលារៀនវ៉េស្ទឡាញន៍នឹងត្រូវបានបង្កើតឡើងដែលទីតាំងទី១ ស្ថិតក្នុងសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន ទីតាំងទី២ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន និងទីតាំងទី៣នៅសង្កាត់ស្រះចក ខណ្ឌប្ញស្សីកែវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សព្រមទាំងសិស្សានុសិស្សក្នុងការផ្តល់នូវសេវាកម្មអប់រំដែលប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំ ៕
ចែករំលែកព័តមាននេះ