ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូរ៉េជ្រុះ​​ចេញ​ពី​កម្ម​វិធី​ប្រកួតតឺន្នីស Internazionali BNL d’Italiaបន្ទាប់​ពី​បរា​ជ័យ​២​សិត​ផ្ទួន​ៗ​

14 ឆ្នាំ មុន

កីឡាករ​លំ​ដាប់​ទី​៤​ពិភពលោក​​សញ្ជាតិ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​កាល​ពី​ថ្ងៃទី​១៧​​ឧស​ភាបាន​ទទួល​រង​នូវ​ភាព​អា​ម៉ាស់​​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​រូប​គេ​ធ្លាក់​ចេញ​ពី​ជុំ​ទី​៣​កម្ម​វិធី​ Internazionali BNL d’Italia​​។ ការ​ប្រ​កួត​ក្នុង​ជុំ​ទី​៣​នោះ​​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​រ៉ូម​ ប្រ​ទេស​អ៊ីតា​លី។​

​មូ​រ៉េ​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​បា​រាំង Richard Gasquet ក្នុង​លទ្ធផល​៦-៧,៦-៣និង​៦-២​ ។​ បរា​ជ័យ​លើក​នេះ​​រូប​គេ​អះ​អាង​ថា គឺ​មក​ពី​របួស​ឆ្អឹង​ខ្នង​ដែល​កើត​មាន​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ​មិញ​មក​ម្ល៉េះ​។ គេ​និយាយ​ថា ៖«ខ្ញុំ​មិន​ចង់​និយាយ​​ពី​ជំ​ងឺ​និង​ការ​ព្យាបាល​ដែល​ខ្ញុំ​បាន​ទទួល​កន្លង​មក​ទេ​ ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​ថា របួស​នេះ​បាន​កើត​មាន​តាំង​ពី​ខែ​ធ្នូ​មក​ម៉្លេះ​»។ មូ​រ៉េ​បាន​បន្ត​ថា ការ​ប្រ​កួត​ជាប់​គ្នា​រដឹក​នាំ​ឱ្យ​​រូប​គេ​គ្មាន​ពេល​វេលា​ឈប់​សម្រាក​ដើម្បី​ព្យាបាល​របួស​ឱ្យ​ជា​ដាច់​។

កាល​ពី​ឆ្នាំ​ទៅ​មិញ​មូ​រ៉េ​ធ្វើ​បាន​ល្អ​ជាង​លើក​នេះ​ដោយ​បាន​ឆ្លង​ចូល​ដល់​​​​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។ ការ​ប្រ​កួត​​ក្នុង​​ជុំ​ទី​២​កាល​ពី​ថ្ងៃ​ទី​១៥​ ឧសភា គេ​​បាន​យក​ឈ្នះ​គូ​​ប្រ​កួត​​យ៉ាង​ត្រ​ដាប​ត្រ​ដួស ​ជា​ពិសេស​ក្នុង​សិត​ទី​​២​ដែល​គេ​បាន​ចាញ់​ពិន្ទុ​ Nalbandian ទាំង​ស្រុង​។ មូ​រ៉េ​បាន​ប្រើ​ពេល​អស់​២​ម៉ោង​និង​៣៧​នា​ទី​ទើប​អាច​បញ្ចប់​​ការ​ប្រ​កួត​បាន​។

សម្រាប់​កីឡាករ​ Richard Gasquetវិញ​បើ​ទោះ​ជា​ជ័យ​ជម្នះ​របស់​គេ​កើត​ឡើង​ចំ​ពេល​គូ​ប្រ​កួត​ខ្លួន​មាន​​របួស​ក៏​ដោយ ប៉ុន្តែ​គេ​ក៏​នៅ​តែ​សប្បាយ​ចិត្ត​ចំពោះ​ជោគជ័យ​នេះ​ដែរ។ នៅវគ្គ​​​បន្ទាប់​គេ​នឹង​ប៉ះ​ជា​មួយ​កីឡាករ​អេស្ប៉ាញ David Ferrerដែល​បាន​បំ​បាក់​កីឡាករ​មិត្ត​រួម​ជាតិ​បា​រាំង​របស់​គេ​ Gilles Simonក្នុង​លទ្ធផល​ ៦-០​និង​៧-៦ ។​

កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក ណូ​វ៉ាក់ យ៉ូ​កូ​វិច​មិន​បាន​ជួប​នឹង​សំ​ណាង​អា​ក្រក់​ដូចជា​មូ​រ៉េ​ទេ​។ គេ​បាន​​ឡើង​ទៅវគ្គ​បន្ត​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​​​ក្រោយ​ពី​​បាន​យក​ឈ្នះ​កីឡាករអា​​ហ្សង់​ទីន​ Juan Monacoក្នុង​លទ្ធផល​៤-៦,៦-២​និង​     ៦-៣​។
​ឯ​លទ្ធផល​នៃ​ការ​ប្រ​កួត​គូ​ផ្សេង​ទៀត​មាន​ដូ​ច​ជា កីឡាករ​អេស្ប៉ាញរ៉ា​ហ្វា​អែល ណា​ដាល់​ ​យក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន​ Marcel Granollers​ក្នុង​លទ្ធផល​ ៦-១​និង​៦-១​​ខណៈ​កីឡាករ​បា​រាំង​Jo-Wilfried Tsongaយក​ឈ្នះ​កីឡាករអា​ហ្សង់​ទីន​​ Juan Martin del Potro​ក្នុង​លទ្ធផល ៦-៤​និង​៦-១​។ នៅ​វគ្គ​បន្ទាប់​ណា​ដាល់​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាករ​ឆែក​តូ​ម៉ាស់ បឺឌី​ដែល​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Nicolas Almagroក្នុង​លទ្ធផល ៧-៦​និង​៦-៣ ។​ កីឡាករលំ​ដាប់​ទី​២​ពិភពលោក​រ៉ូ​ជើ ហ្វេដឺរ័រ​ក៏​បាន​ឡើង​ទៅ​វគ្គ​បន្ត​ជា​មួយ​ណា​ដាល់​ផង​ដែរ​ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Juan Carlos Ferreroក្នុង​លទ្ធផល​ ៦-២,៥-៧​និង  ​៦-១ ។​

ចំណែក​លទ្ធផល​នៃ​ការ​ប្រ​កួត​ផ្នែក​នា​រី​វិញ កីឡាការិនី​ការ​ពា​រ​ជើង​ឯក​​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​​យក​ឈ្នះ​កីឡាការិនស៊ែ​ប៊ី​អា​ណា អុី​វ៉ា​ណូ​វិច​ ​ក្នុង​លទ្ធផល​៧-៦​និង​៦-៣​ ។ ស្រប​​ពេល​ជា​មួយ​គ្នានោះ​ដែរ កីឡាការិនី​ឆែក​ប៉េត្រា គ្វី​តូ​វ៉ា​បាន​យក​ឈ្នះ​​​​កីឡាការិនី​ Sorana Cirsteaក្នុង​លទ្ធ​ផល ៦-២,៥-៧​និង​៦-២ ។​ ​ថ្លែង​ប្រាប់វិទ្យុ​ BBC គ្វី​តូ​វ៉ា​បញ្ជាក់​ថា​៖«​​ពេល​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឈ្នះ​ការ​ប្រ​កួត​នេះ​។ ខ្ញុំ​នៅ​ត្រូវ​ការ​ពេល​ច្រើន​ទៀត​ដើម្បី​រៀន​សូត្រ​ពី​បច្ចេក​ទេស​ប្រ​កួត​នៅ​លើ​តារាង​ដី​ឥដ្ឋ​។ យើង​មិន​អាច​ឈរ​នៅ​ចម្ងាយ​២​ម៉ែត្រ​ពីគំ​នូស​ខ្សែ​វាយ​សឺ​វីស​នោះ​ទេ​»។

នាង​ស៊េរី​ណា វីលៀម​ដែល​ជា​ជើង​ឯក Madrid Openបាន​ឆ្លង​ផុត​ជុំ​ទី​៣​ផង​ដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​នាង Anabel Medina Garrigues​ក្នុង​លទ្ធផល ៦-៣​និង​៦-១ ។​ សម្រាប់​ស៊េរី​ណា នេះ​គឺ​ជា​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​មួយ​ដើម្បី​ចូល​រួម​ក្នុងក្រប​ខណ្ឌធំ French Open។ នាង​បាន​និយាយ​ថា​៖«គិត​ដល់​ការ​ប្រ​កួត​នោះ ខ្ញុំ​ពិត​ជា​ភ័យ​ តែ​យ៉ាង​ណា ខ្ញុំ​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង​ណាស់​។ ជាក់​ស្តែង ការ​ប្រ​កួត​ក្នុង​ថ្ងៃ​នេះ​ខ្ញុំ​រត់​ទៅ​មក​បាន​លឿន​។​លទ្ធផល​លើក​នេះ​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អា​រម្មណ៍​ល្អ​ខ្លាំង​ណាស់​។ ខ្ញុំ​ហាក់​មិន​នឿយ​ហត់​ទាល់​តែ​សោះ​»៕