គណៈកម្មការរៀបចំការប្រកួតបវរកញ្ញា Miss Globalcity ដែលជាវេទិកាប្រកួតបវរកញ្ញាប្រចាំជាតិដ៏ធំបំផុតរបស់តៃវ៉ាន់ បានកំណត់បុគ្គលិកលក្ខណៈរបស់បេក្ខនារីចូលរួមប្រកួតដ៏ចម្លែកមួយ ក្នុងនោះគឺបេក្ខនារីគ្រប់រូបត្រូវចុះហត្ថលេខាព្រមព្រៀងថា មិនធ្វើជា«ប្រពន្ធចុង»របស់នរណាម្នាក់ឡើយ ប្រសិនបើបេក្ខនារីរូបណាត្រូវបានរកឃើញថា រំលោភកិច្ចសន្យាខាងលើ នឹងត្រូវកាត់ផ្តាច់សិទ្ធិពីការប្រកួតភ្លាម ។
លោកស្រីហ្វីហ្វី ឆាង អ្នករៀបចំការប្រកួតបង្ហើបឱ្យដឹងថា បេក្ខនារីទាំង៧រូប រួមទាំងអ្នកឈ្នះការប្រកួតបវរកញ្ញាកាលពីឆ្នាំមុនចំនួន២នាក់ បានរួមគ្នាថតរូបនៅចំពោះមុខអ្នកសារព័ត៌មាន ដោយបានសច្ចាថា នឹងមិនធ្វើជាប្រពន្ធចុងបុរសណាឡើយ ហើយកិច្ចព្រមព្រៀងខាងលើមានសុពលភាពរយៈពេល១ឆ្នាំ ។
លោកស្រីហ្វីហ្វី ឆាង បានបន្តទៀតថា ច្បាប់ថ្មីនេះសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសារ ព្រោះកន្លងមករហូតដល់បច្ចុប្បន្ន ការធ្វើប្រពន្ធចុងរបស់អ្នកមានអំណាចបាននិងកំពុងក្លាយជាការពេញនិយមរបស់ពួកតារា និងត្រូវបានចុះផ្សាយជាញឹកញាប់ ។
លោកស្រីហ្វីហ្វី ឆាង មានសង្ឃឹមយ៉ាងមុតមាំថា ការប្រតិបត្តិបែបនេះស្ត្រីនឹងមានទស្សនាទានត្រឹមត្រូវ ។ ការក្លាយជាប្រពន្ធចុងរបស់គេនឹងធ្វើឱ្យស្ត្រីនោះកាន់តែអាប់ឱន ដូច្នេះស្ត្រីគួរបដិសេធសេចក្តីស្រឡាញ់របស់បុរសដែលមានប្រពន្ធហើយ ៕
ចែករំលែកព័តមាននេះ