ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រទះ​ឃើញ​ត្រចៀក​ជ្រូក​ដាក់​​សារធាតុ​«​ជេឡា​ទីន​»​ដែល​បង្ក​ឱ្យ​កើត​មហារីក​

14 ឆ្នាំ មុន

កា​ល​ពី​​ថ្ងៃទី​១៦ ឧសភា​ កន្លង​មក​ សារ​​​​​ព័ត៌​មាន​«​ឆាយ​ណា​ ដេលី​»​បាន​ចុះ​ផ្សាយ​​ព័ត៌​មាន​គួរ​ឱ្យ​រន្ធត់​មួយ​នៅ​ពេល​មន្ត្រី​នៃ​មន្ទីរ​សុខា​ភិបាល​តំបន់​ជាំង​ស៊ី​ ប្រទះ​ឃើញ​​ត្រចៀក​ជ្រូក​មាន​ដាក់​សារធាតុ​«​ជេឡាទីន​»​ ​ដោយ​លាយ​ផ្សំ​នឹង​សារធាតុ​​សូដ្យូម«​អូលី​អេត​»​ដាក់​លក់​ពេញ​​​ផ្សារ​ក្នុង​ទីក្រុង​កាន​ចូវ​ ​។ រឿង​រ៉ាវ​ត្រចៀក​ជ្រូក​ដាក់​សារធាតុ​គីមី​នេះ​ បាន​បែក​ធ្លាយ​ក្រោ​យពី​បុរស​ម្នាក់​​នៅ​ស្រុក​កាន​សៀន​ធុំ​​ក្លិន​ស្អុយ​ចេញ​ពី​ត្រចៀក​ជ្រូក​ដែល​ទិញ​ពី​ផ្សារ​ ​ទើប​ហែក​​ពិនិត្យ​មើល​ស្រាប់​តែ​ប្រទះ​ឃើញ​សារធាតុ​ស្អិត​ស្រដៀង​​ចាហួយ​នៅ​ផ្នែក​ខាង​ក្នុង​ ។

បុរស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​ក៏​បាន​បញ្ជូន​ត្រចៀក​ជ្រូ​ក​នោះ​ទៅ​​មន្ទីរ​​​ឧស្សា​ហ​កម្ម​​និង​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក​ កាន​សៀន​ ​ពិនិត្យ​ទើប​​ដឹង​​ថា​ជា​ត្រចៀក​ជ្រូក​មាន​ដាក់​លាយ​សារ​ធាតុ​គីមី​ជេឡាទីន​ ។ លោក​ហ្វានជីហុង​ អ្នកជំនាញ​ផ្នែក​ត្រួត​ពិនិត្យ​សុវត្ថិភាព​​​ម្ហូប​អាហារ​នៅ​​មហាវិទ្យាល័យ​ក្សេ​ត្រសាស្ត្រ​ប្រទេស​ចិន​ថ្លែង​ថា​ ​​សារធាតុ​គីមី​ដែល​ដាក់​ក្នុង​​ត្រចៀក​ជ្រូក​នោះ​​ធ្វើ​ឱ្យ​វា​មាន​រស​ជាតិ​ឆ្ងាញ់​ ​និង​ពិបាក​​ចាប់​កំហុស​ណាស់​​​ប៉ុន្តែ​ការ​ទទួល​ទាន​សូដ្យូម​«​អូលី​អេត​»​​ច្រើន​មាន​ផល​ប៉ះ​ពាល់​ដល់រាង​កាយ​ ធ្វើ​ឱ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់​ខុស​ប្រក្រតី​ និង​ប្រព័ន្ធ​​​ដំណើរ​ការ​បេះ​ដូង​ខុស​ប្រក្រ​តី​ ។

«​ជេឡា​ទីន​»​ ដែល​គេ​និយម​ប្រើ​ក្នុង​មុខ​ជំនួញ​គ្រឿង​ស្បែក​ គឺ​ជា​សារធាតុ​ហា​មឃាត់​ក្នុង​ការ​​​ផលិត​ជា​អាហារ​​ ព្រោះ​មា​ន​ក្រូមី​ញូម​ជាសារ​ធាតុ​បង្ក​មហារីក​ ។ក្នុង​អំឡុង​ពេល​ដំបូង​​ អាជ្ញាធរ​​មិនទាន់​ដឹង​ពី​ប្រភព​ផលិត​​​ច្បាស់​លាស់នៅ​ឡើយ​​ គ្រាន់​តែ​ប្រកាស​​អាសន្ន​ឱ្យ​អ្នក​ស្រុក​ដែល​ចង់​ទិញ​ត្រចៀក​ជ្រូក​​ ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​ ៕