ប្រភពព័ត៌មានយោធានិងប៉ូលិសគូសបញ្ជាក់ថា អ្នកបើកយន្តហោះយ៉ាងតិច៤នាក់បានត្រូវស្លាប់ហើយមនុស្ស៥នាក់ទៀតត្រូវរបួស ពេលយន្តហោះ២គ្រឿងរបស់កងទ័ពអាកាសប៉ាគីស្ថានធ្លាក់ ក្រោយការបុកគ្នាពេលបំពេញបេសកកម្មហ្វឹកហ្វឺនកាលពីព្រឹកថ្ងៃទី១៧ឧសភា ។
ក្នុងសេចក្តីប្រកាសខ្លីមួយកងទ័ពអាកាសប៉ាគីស្ថានអះអាងពីការស្លាប់អ្នកបើក៤នាក់នៃយន្តហោះទាំង២គ្រឿងនោះ ហើយការស៊ើបអង្កេតមួួយត្រូវបានបើកធ្វើ ។
លោកម៉ូហាម៉េដ ហ៊ូសាំងខាន់ ប៉ូលិសម្នាក់នៅNOWSHERA ជាកន្លែងយន្តហោះធ្លាក់គូសបញ្ជាក់ថា មនុស្ស៥នាក់ត្រូវរបួសនៅលើដីពេលយន្តហោះធ្លាក់ ។ ការធ្លាក់នោះកើតមាននាវេលាម៉ោង១០និង២០នាទីម៉ោងក្នុងស្រុក ពេលយន្តហោះទាំង២គ្រឿងបុកគ្នានៅពីលើតំបន់ NOWSHERA ជាស្រុកមួយស្ថិតនៅចម្ងាយ១០០គ.មភាគពាយ័ព្យ ក្រុងអុីស្លាម៉ាបាដ ។
យន្តហោះមួយគ្រឿងធ្លាក់ក្នុងចំការហើយមួយគ្រឿងទៀតធ្លាក់លើផ្ទះមួយខ្នងក្នុងសង្កាត់រ៉ាសាកៃ ។ នេះជាការធ្លាក់យន្តហោះលើកទី២របស់កងទ័ពអាកាសប៉ាគីស្ថានក្នុងរយៈពេលតែមួយសប្តាហ៍ ។ កាលពីថ្ងៃទី១១ឧសភា យន្តហោះប្រយុទ្ធធុន MIRAGE មួយគ្រឿង ធ្លាក់នៅជិតទីក្រុងការ៉ាជី ៕
ចែករំលែកព័តមាននេះ