កាលពីមុននេះគេគិតថា ពិសាកាហ្វេច្រើនពេកគឺជារឿងអាក្រក់សម្រាប់សុខភាព ប៉ុន្តែក្នុងពេលឥឡូវនេះអ្នកស្រាវជ្រាវបាននិយាយថា ពិសាកាហ្វេបែរជាធ្វើឱ្យមានអាយុវែងទៅវិញ។ ការសិក្សាពិសោធរយៈពេល៨ឆ្នាំលើមនុស្សប្រុស-ស្រី៤០០.០០០នាក់អាយុចន្លោះពី៥០ទៅ៧១ឆ្នាំបានរកឃើញថា គេកាន់តែផឹកកាហ្វេ អត្រាស្លាប់ដោយជំងឺផ្សេងៗដូចជា ជំងឺបេះដូង ជំងឺប្រព័ន្ធរំលាយអាហារ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមក៏ដូចជាជំងឺឆ្លងកាន់តែមានតិចឡើង។
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន National Cancer Instituteនិងវិទ្យាស្ថាន National Institutes of Healthនៅរដ្ឋម៉ារីលែន សហរដ្ឋអាមេរិកនិយាយថា បើទោះជាខ្លួនមិនអាចបង្ហាញជាភស្តុតាងឱ្យច្បាស់ជាងនេះថាតើកាហ្វេជាមូលហេតុកាត់បន្ថយអត្រាស្លាប់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែខ្លួនបានរកឃើញនូវការជាប់ពាក់ព័ន្ធគ្នាមួយ។
វេជ្ជបណ្ឌិត Euan Paul នាយកប្រតិបត្តិសមាគមកាហ្វេអង់គ្លេសបាននិយាយថា៖«ការស្រាវជ្រាវដ៏សំខាន់នេះបន្ថែមទម្ងន់នៃភស្តុតាងដែលបង្ហាញថា ទទួលទានកាហ្វេក្នុងកម្រិតមធ្យមពី៤ទៅ៥ពែងក្នុងមួយថ្ងៃគឺមានសុវត្ថិភាពហើយប្រហែលជាអាចផ្តល់ផលប្រយោជន៍ដល់សុខភាពក៏ថាបានដែរ»៕


ចែករំលែកព័តមាននេះ