រាជធានីភ្នំពេញ ៖ ប្រពន្ធ និងប្អូនថ្លៃជនដៃ ដល់ដែលបាញ់សម្លាប់មេការក្រុមហ៊ុនភីភីជេណឺរ៉លលក់សម្ភារអគ្គិសនីត្រូវនគរបាលខណ្ឌដូនពេញ ហៅមកសាកសួរជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី១៧ ឧសភា ២០១២ ក្រោយពីសមត្ថកិច្ចរកឃើញលិខិតមួយសន្លឹកដែលជនដៃដល់សរសេរទុកក្នុងហោងប៉ៅអាវមុនពេលបាញ់សម្លាប់ខ្លួនឯង ។
នគរបាលមួយរូបបានឱ្យដឹងថា ក្រោយពីកើតហេតុបាញ់សម្លាប់មេការក្រុមហ៊ុនភីភីជេណឺរ៉ល លក់សម្ភារអគ្គិសនី ដែលជនដៃដល់ត្រូវគេស្គាល់ថា ជាបងថ្លៃម្ចាស់ក្រុមហ៊ុនខាងលើនោះបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក។ បន្ទាប់មកកម្លាំងនគរបាលជំនាញបានធ្វើការពិនិត្យទីតាំងកើតហេតុ ជាពិសេសក្នុងបន្ទប់ទឹកដែលជនដៃដល់ឈ្មោះងួន វុទ្ធី ហៅទូច ដេកស្លាប់នៅទីនោះ សមត្ថកិច្ចរកឃើញលិខិតមួយសន្លឹកដាក់ក្នុងហោប៉ៅអាវរបស់ជននេះដែលសរសេរថា «អាតុងអ្ហែងជាអ្នកបំផ្លាញគ្រួសារអញ» ។ ផ្តើមចេញពីន័យខ្លឹមសារក្នុងសំបុត្រនេះ ហើយនៅកន្លែងកើតហេតុក៏មានវត្តមានប្រពន្ធជនដៃដល់ និងប្អូនថ្លៃរបស់ជនដៃដល់ផងដែរ ដែលគេស្គាល់ថា ឈ្មោះជា តុង និងមានការបន្សល់ទុកកាបូបស្ពាយស្រីមួយ និងកាបូបដាក់លុយបុរសមួយផងដែរ ។
នៅព្រឹកថ្ងៃទី១៧ ឧសភា រហូតដល់រសៀលថ្ងៃដដែលនគរបាលខណ្ឌដូនពេញ បានកោះហៅបុគ្គលិកប្រុសស្រីដែលបម្រើការងារក្នុងក្រុមហ៊ុនភីភីជេណឺរ៉ល លក់សម្ភារអគ្គិសនីមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ។ បុគ្គលិកចំនួន៨នាក់ និងឈ្មោះជា តុង ត្រូវជាប្អូនថ្លៃជនដៃដល់ក៏បានចូលបំភ្លឺរួចហើយដែរ នៅសល់តែភរិយារបស់ជនដៃដល់ប៉ុណ្ណោះ មិនទាន់ចូលមកបំភ្លឺទំនងរវល់ធ្វើបុណ្យសពប្តី ។ នេះបើតាមមកការអះអាងពី មន្ត្រីអនុវត្តច្បាប់នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
មន្ត្រីនគរបាលជំនាញមួយរូបបានបង្ហើបថា មូលហេតុឈានដល់ការបាញ់សម្លាប់មេការ និងបាញ់ខ្លួនឯងនេះវាមិនស្ថិតក្នុងរឿងស្នេហាត្រីកោណនោះទេ វាអាចកើតចេញពីទំនាស់ផ្ទៃក្នុងរបស់ក្រុមហ៊ុនភីភីជេណឺរ៉លច្រើនជាង ជាពិសេសសំបុត្ររមួយសន្លឹកដែលឈ្មោះងួន វុទ្ធី ហៅទូច សរសេទុកក្នុងហោប៉ៅអាវនេះឯង តែសមត្ថកិច្ចក៏កំពុងផ្តោតទៅលើករណីដែលជនដៃដល់បាញ់សម្លាប់មេការថា តើមកពីមូលហេតុអ្វីផងដែរ?៕
ចែករំលែកព័តមាននេះ