ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករខ្សែ​បម្រើ​របស់ក្លឹប ​Stoke ជាប់ពន្ធនាគារ​រយៈ​ពេល​8​សប្តាហ៍​ពីបទ​​បើក​បរ​ទាំង​មានស្រវឹង​

14 ឆ្នាំ មុន

កីឡា​ករ​ជឺ​ម៉េន​ ផេន​ណេន​ ខ្សែ​បម្រើ​យីអ៊ុន​ដាក់​របស់​ក្លឹប​Stoke ត្រូវ​តុលាការ​ទីក្រុង​ម៉េន​ឆេ​ស្ទ័រ​ ​ដាក់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​៨​សប្តាហ៍​ និង​ពិន័យ​ហាម​បើក​បរ​យាន​យន្ត​រយៈ​ពេល​៣​ឆ្នាំ​ ​ក្រោយ​ពី​បង្ក​រឿង​ដ៏​អាម៉ាស់​ បើក​បរ​ក្នុង​ពេល​ស្រវឹង​កាលពី​ដើម​ខែ​កន្លង​មក​ ។

កាលពី​មុន​​​ខ្សែ​បម្រើ​អាយុ​២៩​ឆ្នាំ​ រូប​នេះ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក្រោយ​ពី​ទទួល​ការ​ចោទ​ប្រកាន់​ថា​វាយ​ធ្វើ​បាប​ស្ត្រី​ម្នាក់នៅ​ឯ​ក្លឹប​កម្សាន្ត​មួយ​ ប៉ុន្តែ​​បាន​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ ។ក្រោយ​ពី​បើក​​​រថយន្ត​BMW ​ចេញ​ពី​ទី​ក្រុង​ម៉េនឆេ​ស្ទើរ​ ​​គេ​ត្រូវ​ចាប់​ខ្លួន​ជាថ្មី​ពី​បទ​ស្រវឹង​បើក​បរ​ទាំ​ង​​គ្មាន​ប័ណ្ណ​បើក​បរ​។

ជឺ​ម៉េន​ ផេន​ណេន​ ​បាន​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ក្រុង​ម៉េន​ឆេ​ស្ទ័រ​ ដើម្បី​រៀប​រាប់​រឿង​ហេតុ​ដែល​កើត​ឡើង​​។ ​អតីត​កីឡា​ករ​បាល់ទាត់​ក្លឹប​Liverpoolរូប​នេះ​​ឱ្យដឹងថា​ ​គេ​​មាន​ភាព​តប់​​ប្រមល់​នៅពេល​គូស្នេហ៍​បញ្ជាក់​ប្រាប់​រឿង​បែក​ផ្លូវ​គ្នា​ និង​បាន​សម្រេច​ចិត្ត​ឆ្លើយ​តប​លើ​ការ​អញ្ជើញ​របស់​មិត្ត​ភក្តិ​នៅ​ក្លឹប​កម្សាន្ត​ និង​កើត​មា​នបញ្ហា​កាលពីថ្ងៃទី​២៩​ មេសា​ ​។

​ចៅក្រម​​បាន​សម្រេច​ឱ្យ​កីឡា​ករ​រូប​នេះ​ មា​ន​ទោស​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​៨​សប្តាហ៍​ និង​ហាម​បើក​បរ​រយៈ​ពេល​៣​ឆ្នាំ​ ​។ ទោស​នេះ​​កើត​ឡើង​ដោយ​សារ​កីឡា​ករ​ផេន​ណេន​ ពិនិត្យ​ឃើញ​មានជាតិ​អាល់​កុល​ក្នុង​កម្រិត​ខ្ពស់ដល់​ទៅ​៨៥​មីល្លី​ក្រាម​ច្រើន​ជាង​បទ​ដ្ឋាន​ ដែល​កំណត់​ត្រឹម​៣៥​មីល្លី​ក្រាម​ ​ ៕