ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រិចប្រឈម​នឹង​ការ​ជ្រុះ​ពី​សមាជិក​ប្រទេស​​នៅ​អឺ​រ៉ុប ខណៈ​ពេល​ប្រជា​ជន​នាំ​គ្នា​​ដក​ប្រាក់​បញ្ញើ​ពី​ធនាគារ​

14 ឆ្នាំ មុន

សារ​​ព័ត៌មាន​បរទេស កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ​ផ្សាយ​ថា​ប្រទេស​ក្រិច ត្រៀម​​ធ្វើ​ការ​បោះ​ឆ្នោត​​ទូ​ទៅ​​ជា​ថ្មី​ក្នុង​ថ្ងៃ​ទី​១៧ មិថុនា ក្រោយ​ពី​គ្មាន​​គណបក្ស​នយោបាយ​ណា​មួយ​បង្កើត​​រដ្ឋា​ភិបាល​​បាន ក្រោម​សម្ពាធ​ដ៏​តាន​តឹង​​​ចំពោះ​ភាព​មន្ទិល​​ពី​ការ​​ធ្លាក់​ពី​សមាជិក​ភាព​សហគមន៍​អឺរ៉ុប ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​គ្រី​ស្ទីន ឡាហ្គាត​ អគ្គ​នាយក​នៃ​មូល​និធិ​អន្តរជាតិ (IMF) បញ្ជាក់​ថា មាន​​ទំនោរ​យ៉ាង​ខ្ពស់​ដែល​​ក្រិច​អាច​ជ្រុះ​​ចេញ​ពី​ក្រុម​​ប្រទេស​​ដែល​ប្រើ​ប្រាក់​​អឺ​រ៉ូ ។

​របាយ​​ការណ៍​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​១​សប្តាហ៍​​​​កន្លង​មក ​តាំង​ពី​ថ្ងៃ​ទី​​​​៧ ឧសភា ​​ដែល​ជា​ការ​បោះ​ឆ្នោត​​លើក​ដំបូង​ មាន​ប្រជា​ជន​​បន្ត​​ដក​​ប្រាក់​ចេញ​ពី​ធនាគារ​​ក្រិចយ៉ាង​តិច​​៧០០​លាន​អឺ​រ៉ូ ខណៈ​ពេល​ទី​ផ្សារ​​ភាគ​ហ៊ុន​នៅ​ទូ​ទាំង​​អឺ​រ៉ុប និង​អត្រា​​ប្តូរ​ប្រាក់​​អឺ​រ៉ូ ធ្លាក់​ចុះ​យ៉ាងគំហុកក្នុង​អំឡុង​​ពេល​៤​ខែ​កន្លង​មក ។

ចំណែក​កា​សែត «​ហ្វាយ​នេន​​ស្យល​ថែម» បញ្ជាក​់​ថា ការដក​ប្រាក់​​ពី​ធនាគារ​នៅ​ថ្ងៃ​ទី​១៤ និង​១៥ ឧសភា ​​​ឡើង​ខ្ពស់​ជាង​​១២.០០០​លាន​អឺ​រ៉ូ ឬ​ប្រហែល​០,៧៥​% នៃ​ប្រាក់​បញ្ញើ​សរុប ប៉ុន្តែ​នៅ​ក្នុង​ថ្ងៃ​ទី​១៦ ឧសភា ​​នៅ​មិន​ទាន់​វិភាគ​ថា ឈាន​ចូល​ដល់​វិបត្តិ​ ឬ​យ៉ាង​ណា​នៅ​ឡើយ ។
​លោក​ម៉ារី​យ៉ូ​ ដ្រា​ហ្គី ប្រធាន​ធនាគារ​​កណ្តាល​​អឺ​រ៉ុប (ECB) និង​នាយក​រដ្ឋ​មន្ត្រី​​នៃ​ប្រទេស​​អេស្ប៉ាញ ​បញ្ជាក់​​ក្នុង​​លក្ខណៈ​ដូច​គ្នា​ថា ចង់​ឱ្យ​ប្រទេស​ក្រិច​មាន​ស្ថិរភាព ក្នុង​ក្រុម​ប្រទេស​​នៅ​អឺ​រ៉ុប​បន្ត​ទៀត​ ៕