ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​​កៀន​ស្វាយ​​ប្រឈមនឹង​បញ្ហា​បរិស្ថាន​មិន​ល្អ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​​ ៖ អំឡុង​ថ្ងៃ​ឈប់​សម្រាក​​បុណ្យ​ចំរើន​ព្រះ​ជន្ម​ព្រះ​មហាក្សត្រ​​​​ព្រះ​នរោត្តម​សីហមុនី​កន្លង​ទៅ​ថ្មីៗនេះ គេ​សង្កេត​​ឃើញ​ភ្ញៀវ​ទេសចរ​ទៅ​​កម្សាន្ត​​នៅ​តាម​តំបន់​​ទេសចរណ៍​ជិត​ឆ្ងាយ​នៅ​​ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា ច្រើន​កុះករ។ដោយ​ឡែក​គេ​សង្កេត​ឃើញ​​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​​​ជា​ច្រើន​រយ​នាក់​ នាំ​គ្នា​​ពពាក់​ពពូន​ទៅ​ដើរ​កម្សាន្តនៅ​រមណីយដ្ឋាន​ផ្ទះ​ទឹក​កៀន​​ស្វាយ​តាំង​ពី​ព្រឹក​ព្រលឹម​ទល់​ព្រលប់​​ ​។

នៅ​កៀន​ស្វាយ​ថ្វី​បើ​ម្ហូប​អាហារមិន​ឡើង​ថ្លៃ​ក៏​ដោយ​ក៏​​គ្រែ​ទឹក​​ឡើង​ថ្លៃ​គឺ​​គ្រែ​នៅ​លើ​ទឹក​ខាង​មុខ​តម្លៃ​១៥.០០០​រៀល និង​​នៅ​ខាង​ក្នុង​​តម្លៃ​១០.០០០​រៀល ។ ​ទោះ​បី​ជា​គ្រែ​ទឹក​​ឡើង​ថ្លៃ​ក៏​ដោយ​​ក៏​នៅ​តែ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​​​ច្រើន​​​ស្ទើរ​តែ​រក​កន្លែង​​អង្គុយ​មិន​បាន​ ។
ភ្ញៀវ​ជាតិ​​ និង​អន្តរជាតិ​ជាច្រើន​បាន​រិះ​គន់​អ្នក​រក​ស៊ី​នៅ​តំបន់​​រមណីយដ្ឋាន​​ផ្ទះទឹក​​កៀន​ស្វាយ​​ថា ការ​ធ្វើ​ម្អូប​​បាយ​មិន​សូវ​មាន​អនា​ម័យ​ទេ ។

ជា​ពិសេស​នោះ​នៅ​ក្រោម​តូប​លក់​ម្អូប​អាហារ​​ភាគ​ច្រើន​សំរាម​គរ​ដូច​ភ្នំ​ រលួយ​​ជះ​ក្លិន​ស្អុយ ឯនៅ​ខាង​ក្រោយ​តូប​លក់​ម្ហូប​អាហារ​តាម​ផ្លូវ​​ដើរ​ចុះ​​ទៅ​ផ្ទះ​ទឹក​មាន​គំនរ​សំរាម​​ដូច​ភ្នំ​សម្រាប់​ទុក​ជូន​ភ្ញៀវ​ទេសចរ​​​​​​​​​​​​​​​​​​ជាតិ អន្តរជាតិ​ទស្សនា​ ។ ជាង​នេះ​ទៅ​ទៀត​នៅ​មាត់​ទឹក​តាម​ច្រាំង​ទន្លេ​​​ក្បែរ​​ផ្ទះ​ទឹក​ គេ​សង្កេត​​ឃើញ​​មាន​សំរាម​អណ្តែត​ស្ទើរ​​តែ​មើល​ទឹក​មិន​ឃើញ​ទេ ធ្វើ​​​ឱ្យ​ទឹក​មានក្លិន​​ស្អុយ​ បង្ក​ជា​​​បរិស្ថានមិន​​​ល្អ​​ទេ ។

ការ​បង្កឱ្យ​ខូច​បរិស្ថាន​តំបន់​ទេសចរណ៍​ និង​បរិស្ថាន​​ទឹក​បែប​នេះ មន្ត្រី​ទេសចរ​​ប្រចាំ​ការ​​នៅ​តំបន់​នោះ​មើល​មិន​ឃើញ​​ទេ គឺ​ដឹង​តែ​ពី​ទទួល​ផ្ញើ​រថយន្ត​ក្នុង​មួយគ្រឿង​៥.០០០​រៀល ចង់​អ្នក​ប្រកប​មុខ​របរ​លក់​ដូរ​​​​​ ឬ​​អ្នក​ទេសចរ​​​មួយ​ចំនួន​បោះ​សំរាម​​ចោ​ល​ក៏​គេ​ធ្វើ​​មិន​ឃើញ​ដែរ ។

អ្នក​ទេសចរ​ជាតិ​មួយ​ចំនួន​រិះ​គន់​ថា អ្នក​រស់​នៅ​តំបន់​នោះ​ទាំង​ប្រជា​ពលរដ្ឋ​​ ទាំង​មន្ត្រី​មូល​ដ្ឋាន​​ និង​មន្ត្រី​ទេសចរ​​​ដឹង​តែពី​រក​ប្រាក់​​ គ្មាន​ចេះ​ជួយ​ថែ​រក្សា​បរិស្ថាន​​ច្រាំង​ទន្លេ​ ឬ​បរិស្ថាន​​ទឹក​ឱ្យ​​បាន​ស្អាត​ល្អ​​ទេ ។ ការ​បង្ក​បរិស្ថាន​​ឱ្យ​អាប់​អួបែប​​នេះ​គឺ​ជា​ការ​​បង្ក​ឱ្យ​មាន​មេរោគ​ជា​ច្រើនចម្លង​​ជំងឺ​​ផ្សេង​ៗ​ទៅ​ភ្ញៀវ​ទេសចរ​ និង​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​​នៅ​តំបន់​​នោះ ។ ជា​ពិសេស​​ខែ​នេះ​ជា​ខែ​ភ្លៀង​​ធ្លាក់​ច្រើន គឺ​​អាច​កើត​​សត្វ​​មូស​ខ្លា ចម្លង​ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ឈាមដល់​កុមារ​​​ទៀត​ផង ។

ដូច្នេះ​ហើយ​មន្ត្រី​​​មូល​ដ្ឋាន​​ និង​មន្ត្រី​​ទេសចរ​ដែល​ប្រចាំ​ការ​នៅ​ទី​នោះ​គួរ​តែ​រក​ធុង​សំរាម​ឱ្យ​ប្រជា​ជន ឬ​អ្នក​​ទេសចរ​​ចោ​ល​សំរាម​ឱ្យ​​បាន​ត្រឹម​ត្រូវ​ និង​មិន​បង្កឱ្យ​ខូច​បរិស្ថាន​ ។ កាល​ណា​បរិស្ថាន​​ល្អ ភ្ញៀវ​ទេសចរ​​​នឹង​កើ​ន​ឡើង​ មួយ​វិញ​ទៀត​បរិស្ថាន​ល្អ​​​សុខភាព​​របស់​យើង​ក៏​ល្អ​​​ដែរ តែ​បើ​បរិស្ថាន​​មិន​ល្អ​ស្អាត​ទេ​នោះ ភ្ញៀវ​ទេសចរ​​នឹង​ធ្លាក់​ចុះ ចំណូល​ក៏​​ថយ​ចុះ ហើយ​សេដ្ឋ​កិច្ច​​​គ្រួ​សារ​​ក៏​ធ្លាក់​ចុះដូ​ច​គ្នា ។

ភ្ញៀវ​ទេសចរ​និយាយថា ​គួរ​តែ​ធ្វើ​​យ៉ាង​ណា​​​ឱ្យ​តំបន់​ទេសចរណ៍​​ផ្ទះ​លើ​ទឹក​តំបន់​រមណីយដ្ឋាន​​កៀន​ស្វាយ​​នេះ មាន​បរិស្ថាន​ល្អ​ ដើម្បី​​ប្រសើរ​ ទើប​ទទួល​បាន​ភ្ញៀវ​ទេសចរកាន់​តែ​ច្រើន​​ឡើង​។ ពិសេស​តម្លៃ​​ម្ហូប​​អាហារ​​ត្រូវ​គិត​សមរម្យ​​មិន​ត្រូវ​​កាប់​ឆៅ​ខ្ពស់​ហួស​ហេតុ​ដូច​ភ្ញៀវ​​ធ្លាប់​ជួប​ប្រទះ​កន្លង​មកទេ ៕