ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា អាជ្ញាធរដែនដីស្កុតលែន ត្រៀមដាក់សំណើច្បាប់កំណត់ថ្លៃលក់ភេសជ្ជៈជាគ្រឿងស្រវឹងក្នុងគោលបំណងដោះស្រាយបញ្ហាការញៀនគ្រឿងស្រវឹងជាច្រើនប្រភេទដែលពលរដ្ឋរបស់ខ្លួនបង្កឡើងដោយសារតែការស្រវឹង ។
នៅក្នុងរបាយការណ៍បញ្ជាក់ឱ្យដឹងថា លោកស្រីនីកូឡា ស្ទ័រជៀន រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ស្កុតលែន បង្ហើបឱ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីដែលគ្រោងដាក់ស្នើសុំការអនុម័តពីសភានៅសប្តាហ៍ក្រោយ អាចចាប់ផ្តើមប្រើប្រាស់នៅក្នុងខែមេសា ឆ្នាំ២០១៣ ដោយបញ្ជាក់ថា គ្រឿងស្រវឹងគួរលក់ក្នុងតម្លៃខ្ពស់ស្របតាមចំណុះនៃសារធាតុស្រវឹង ។ មានន័យថា នៅក្នុងច្បាប់ខាងលើភេសជ្ជៈស្រវឹងដែលច្រកក្នុងដបចំណុះ៧០សង្ទីលីត្រ ឬ៧០០មិល្លីលីត្រមានផ្នែកផ្សំនៃជាតិអាល់កុល ៣៧,៥% នឹងត្រូវលក់ក្នុងតម្លៃយ៉ាងតិច១៣,១៣ផោន ឬប្រហែល២២ដុល្លារអាមេរិក ខណៈពេលភេសជ្ជៈស្រវឹងដែលច្រកក្នុងដបចំណុះ៧៥សង្ទីលីត្រ មានជាតិអាល់កុល ១២,៥% ត្រូវលក់យ៉ាងតិច៤,៦៩ផោន ឬប្រហែល៨ដុល្លារអាមេរិក ។
លោកស្រីស្ទ័រជៀន បញ្ជាក់ទៀតថា ដល់វេលាដែលស្កុតលែនត្រូវដោះស្រាយបញ្ហាការញៀននឹងភេសជ្ជៈស្រវឹងរបស់ប្រជាជនខ្លួន ហើយ ព្រោះកន្លងមកនិមិត្តរូបនៃដែនដីគ្រឿងស្រវឹង(ស្កុតលែន)ធ្វើឱ្យជនជាតិស្កុតលែនអាចទិញគ្រឿងស្រវឹងបានយ៉ាងច្រើនក្នុងតម្លៃសមស្របរហូតធ្វើឱ្យមានបញ្ហាសុខភាព និងអស្ថិរភាពក្នុងសង្គមផងដែរ ។
គួរបញ្ជាក់ថា ស្កុតលែនជាដែនដីមួយរបស់ចក្រភពអង់គ្លេស កំពុងធ្វើការបំផុសបំផុលផ្នែកសុខភាពប្រជាជនរបស់ខ្លួនឱ្យមានភាពប្រាកដប្រជា ។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយទាក់ទិននឹងគ្រឿងស្រវឹង ប្រទេសស្កុតលែនក៏ជាដែនដីដំបូងរបស់ចក្រភពអង់គ្លេសដែលចេញច្បាប់ហាមជក់បារីនៅទីសាធារណៈតាំងពីខែមីនា ឆ្នាំ២០០៦៕
ចែករំលែកព័តមាននេះ