យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈឥណ្ឌាចេញផ្សាយកាលពីថ្ងៃពុធ ទី១៦ ឧសភា ឆ្នាំ២០១២ បានឱ្យដឹងថា គម្រោងបេសកកម្មសម្តែងបទចម្រៀងរបស់តារាចម្រៀងប៉ុបឡេឌី ហ្គាហ្គា ក្នុងប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១២ អាចនឹងត្រូវគេលុបចោលវិញ ។
មូលហេតុដែលនាំឱ្យមានការលុបចោលការមកសម្តែងនៅក្នុងទឹកដីឥណ្ឌូណេស៊ីនេះ ដោយសារប៉ូលិសទីក្រុងចាកាតាមិនព្រមដល់ការអនុញ្ញាតសម្រាប់ការប្រគុំតន្ត្រីបន្ទាប់ពីមានការគំរាមកំហែងពីក្រុមសកម្មជនអភិរក្សម៉ូស្លីមគ្រោងនឹងធ្វើបាតុកម្មតវ៉ាចំពោះការស្លៀកពាក់សិចស៊ីរបស់តារាចម្រៀងវ័យ២៦ឆ្នាំរូបនេះ ។
ក្រុមសកម្មជនអភិរក្សម៉ូស្លីមបាននិយាយថា ការតុបតែងខ្លួនសិចស៊ីជ្រុលហួសហេតុរបស់តារាចម្រៀងរូបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គមរបស់ប្រជាពលរដ្ឋម៉ូស្លីម ។
ចំណែកឯពួកម៉ូស្លីមមួយក្រុមទៀតដែលហៅខ្លួនឯងថា រណសិរ្សការពារអ៊ិស្លាមបានគំរាមថា យើងនឹងប្រើប្រាស់កម្លាំងរបស់ពួកគេ ដើម្បីទប់ស្កាត់មិនឱ្យតារាចម្រៀងដែលចូលចិត្តព្រលែងខ្លួនទទេជាន់ទឹកដីឥណ្ឌូណេស៊ីនោះទេ ។ ពួកគេបានបន្តទៀតថា ស្ទីលសម្តែងរបស់គេគឺដូចជាមនុស្សបាតផ្សា ភាពសិចស៊ី និងការស្លៀកពាក់ឈុតក្នុងរបស់នាងនឹងបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប្រជាជនឥណ្ឌូណេស៊ីដែលភាគច្រើនបំផុតកាន់សាសនាអ៊ិស្លាម ។
ទាក់ទងទៅនឹងដំណឹងមិនទាន់ផ្លូវការនៃការលុបចោលនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រមួយចំនួនដែលបានចំណាយប្រាក់ទិញសំបុត្រចូលទស្សនារួចហើយ ចំនួនជាង៥ម៉ឺននាក់មានការខកចិត្ត និងខឹងសម្បាយ៉ាងខ្លាំង ៕






ចែករំលែកព័តមាននេះ