រាជធានីភ្នំពេញ ៖ លោកផន ចាន់ណា ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែកហិរញ្ញវត្ថុនិងធនាគារ ប៉ុន្តែបានបើកក្លឹបសិល្បៈមួយដោយដាក់ឈ្មោះថា ក្លឹបសិល្បៈសាន់ណារ៉ាអង្គរ នៅខេត្តសៀមរាប។
លោកចាន់ណា ឱ្យដឹងថា លោកបើកក្លឹបសិល្បៈផ្ទុយពីជំនាញដែលលោកខិតខំសិក្សារៀនសូត្រកន្លងមកនេះ ដោយសារតែលោកស្រឡាញ់សិល្បៈ និងធ្លាប់ហាត់រៀនសម្តែងនិងច្រៀងនៅក្នុងក្លឹបសិល្បៈមួយក្នុងរាជធានីភ្នំពេញ។
លោកផន ចាន់ណា មានស្រុកកំណើតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ឪពុកលោកឈ្មោះមាស ណូន ម្តាយឈ្មោះជា ធឿន ជាអ្នកចម្ការ។ លោកមានបងប្អូន៤នាក់ ក្នុងនោះស្រីម្នាក់ ចំណែកលោកជាកូនច្បង។ នៅឆ្នាំ២០០៥លោកចាន់ណា បានចាកចេញពីស្រុកកំណើតមកសិក្សាបន្តនៅភ្នំពេញ ។ ពេលទំនេរលោកបានចូលហាត់រៀនច្រៀងនិងសម្តែងនៅក្លឹបតារាមាស ។ ក្រោយមកលោកបានចេញសម្តែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មក្រៅប្រទេសជាច្រើនរហូតដល់បច្ចុប្បន្ន ។
លោកផន ចាន់ណា ឱ្យដឹងថា លោកធ្លាប់បានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុនណេស្លេនាឆ្នាំ២០១១ ជាប់ចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ ។ ក្រោយពីនោះមកលោកចេញច្រៀងឱ្យក្រុមហ៊ុននៅតាមបណ្តាខេត្ត-ក្រុងនានា និងសម្តែងកាយវិការខារ៉ាអូខេ ។ លើសពីនេះលោកចាន់ណា ចូលរួមសម្តែងជាតួរាយរងក្នុងរឿងភាគឱ្យទូរទស្សន៍អាស៊ីអាគ្នេយ៍ចំនួន២រឿង។ ចំណែកក្នុងឆ្នាំ២០១២នេះ លោកបានក្លាយជាតួរងនៅក្នុងរឿង «សាលតម្តល់សព» និងកំពុងសម្តែងនៅក្នុងរឿង«ចាំថ្ងៃវិលវិញ»។
លោកផន ចាន់ណា និយាយថា កន្លងមកលោកធ្លាប់មានសង្សារ តែគេទៅរៀបការគូថ្មីចោលកាលពីឆ្នាំ២០០៩ ។ ពេលនេះលោកលែងគិតរឿងស្នេហាទៀតហើយ គិតតែពីការគ្រប់គ្រង់ក្លឹបសិល្បៈរបស់លោកឱ្យដំណើរការបានល្អវិញ ៕



ចែករំលែកព័តមាននេះ