ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ ​សា​វ៉ន ជួប​ ​ពុទ្ធ ហ៊ុច ខណៈ លាប សំណាង ជួប សារឹម ង៉ា នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​CTN

14 ឆ្នាំ មុន

រាជ​​ធានី​​​ភ្នំពេញ ៖​​ ​សិង្ហ សាវ៉ន មក​​ពី​​ក្លឹប​​សិង្ហ​​កីឡា ចង់​​សាក​​កម្លាំង​​ជា​មួយ​​​ពុទ្ធ ហ៊ុច មក​​ពី​​ក្លឹប​ពុទ្ធសេរីវង្ស នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​ CTN នា​ថ្ងៃ​​សុក្រ​ទី​១៨ ឧសភា ខណៈ​លាប សំណាង មកពី​ក្លឹប​កង​ពល​តូច​លេខ​៧០​ជួប ​សារឹម ង៉ា មក​ពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការ​​ពារ​ជាតិ ។

សាវ៉ន ជា​អ្នក​ប្រដាល់​ដែល​មាន​ចិត្ត​មិន​សូវ​សឿង​ប៉ុន្មាន​ឡើយ រី​ឯ​ស្នៀត​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ ក៏​អត់​មាន​អ្វី​ដែល​អស្ចារ្យ​ប៉ុន្មាន​ដែរ។ កន្លង​មក ​សាវ៉ន មិន​ធ្លាប់​ប៉ះ​ជា​មួយ​​ពុទ្ធ​ ហ៊ុច ឡើយ​ ​ហើយ​ល្អ​បាន​តែ​ស្នៀត​ដៃ​ និង​ស្នៀត​ជើង​បន្តិច​ប៉ុណ្ណោះ ម៉្យា​ង​ចលនា​វាយ​លុក​របស់​គេ​មាន​​របៀប​ផ្សង​ព្រេង​ច្រើន​ជាង​ ។ ចំណែក​ឯ​ពុទ្ធ​ ហ៊ុច វិញ ក៏​អត់​មាន​ស្នៀត​អ្វី​ដែល​ពូ​កែ​ជាង​ដែរ តែ​ចិត្ត​របស់​គេ​សឿង​ កម្លាំង​ខ្លាំង ​អាច​ស៊ី​សង​ជា​មួយ​សាវ៉នបាន ​ឯចរិត​របស់​គេ​អត់​ចេះ​ក្អេង​ក្អាង​ឡើយ ។ ចាំ​មើល​មើល៍ ការ​ជួប​គ្នា​លើក​នេះ​អ្នក​ណា​មាន​សំណាង​ជាង ?

លាប សំណាង និង​សារឹម ង៉ា ធ្លាប់​​ប៉ះ​គ្នា​ច្រើន​​លើក​​ច្រើន​សា​មក​ហើយ ប៉ុន្តែ​អត់​មាន​អ្នក​ណា​ឈ្នះ​ដាច់​ឡើយ ។ គូនេះ​មាន​ល្បិច​វាយ​លុក​នៅ​លើ​សង្វៀន​ក្រាស​់​ដូច​គ្នា ប៉ុន្តែ​ចិត្ត​របស់​​សារឹម​​ ង៉ា សឿង​ជាង​ រី​ឯ​ស្នៀត​កែង និង​ជង្គង់​របស​់​គេ​ក៏​អស្ចារ្យ​ជាង​ ចលនា​វា​យ​លុក​ក៏​រហ័ស​រហួន​ជាង ប៉ុន្តែ​គេ​អត់ចេះ​មើល​​ស្រាល​​គូ​ប្រកួត​ឡើយ ។ លាប សំណាង ​មាន​ចិត្ត​​​សឿង ​ល្អ​ទាំង​ស្នៀត​ជើង និង​ស្នៀត​ដៃ អាច​វាយ​ចេញ​បាន​ត្រង់​ល្អ ហើ​យ​ខ្លាំង​ទៀត​ផង ​ប៉ុន្តែ​គូ​នេះ​អត់​មាន​អ្នក​ហា៊ន​មើល​ស្រាល​លើអ្នក​ណា​ឡើយ ។
ទឹម សាន មក​ពី​ក្លឹប​អាស៊ី​កីឡា ជួប​សេក គឹមគីម មក​ពី​ក្លឹប​សឹករង​ខេត្ត​សៀមរាប ។ ទឹម សាន ក្នុង​ប្រវត្តិ​ឡើង​សង្វៀន​ជា​ច្រើន​ឆ្នាំ​មក​នេះ​ចាញ់​ច្រើន​ជាង​ឈ្នះ ព្រោះថា​គេ​អត់​មាន​ស្នៀត​ដែល​ពិសេស​សម្រាប់​ផ្តួល​គូ​ប្រកួត​ឡើយ ឯ កម្លាំង​​របស់​គេ​ក៏​មិន​សូវ​ខ្លាំង​ ហើយ​មាន​ចិត្ត​តូច​ទៀត​ផង ។

ចំណែក​គឹមគីម វិញ​ ក៏មិន​លើស​​មិន​ខ្វះ​គ្នា​ដែរ តែ​កម្លាំង​របស់​គេ​ខ្លាំង​ ស្នៀត​ជើង​ និង​ស្នៀត​កណ្តាប់​ដៃ​អាច​វាយ​ចេញ​បាន​ត្រង់​ល្អ ។ គូ​នេះ​ភាគ​ច្រើន​គេ​មាន​ជំនឿ​ចិត្ត​លើ​គឹមគីម ច្រើន​ជាង​ ។ ឈាន រស្មី មក​ពី​ក្លឹប​ខេត្ត​រតន​គិរី ជួប​យិន បូរិន មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ព្រះ​វិហារ ៕