រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំងមកពីអៀរឡង់ Stephen Meleady ត្រូវបានគេរៀបចំឱ្យជួបកីឡាករផល សោភ័ណ្ឌ មកពីក្លឹបតាឡីដំរីមានប្ញទ្ធិ នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថ្ងៃសៅរ៍ ទី១៩ ឧសភា ចំណែកឯកីឡាករ នួន សូរិយា មកពីក្លឹបក្រសួងមហាផ្ទៃ ជួបជាមួយកីឡាករ Gustavo ជើងខ្លាំងមកពីប្រទេសប្រេស៊ីល ។
Stephen អត់មានអ្នកណាស្គាល់ប្រវត្តិច្បាស់ឡើយ ប៉ុន្តែអ្នករៀបចំកម្មវិធីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ អួតថាខ្លាំង គេល្អទាំងស្នៀតជើង ស្នៀតដៃ ចំណែកឯស្នៀតកែងនិងជង្គង់ក៏មិនអន់ប៉ុន្មានដែរ ប៉ុន្តែសម្រាប់ការមកប៉ះ សោភ័ណ្ឌ លើកនេះ អត់ទាន់មានអ្នកណាហា៊នទាយទុកមុនពីលទ្ធផលចាញ់-ឈ្នះឡើយ ។ សោភ័ណ្ឌ ស្នៀតប្រយុទ្ធនៅលើសង្វៀនរបស់គេសាហាវគួរសម ទាំងស្នៀតកែង និងជង្គង់សុទ្ធតែអាចយកជាការបានទាំងអស់ ប៉ុន្តែចិត្តរបស់គេរាងតូចបន្តិច ។ ចាំមើលការមកប៉ះ Stephen លើកនេះអាចទៅរួចប៉ុន្មានទឹក ។
នួន សូរិយា ដែលពេលនេះក្លាយជាគ្រូបង្ហាត់ទៅហើយនោះ បែរជាចង់បញ្ចេញក្បាច់គុនជូនទស្សនិកជនទស្សនាម្តងទៀត ថាតើគេនៅខ្លាំងដូចមុនទៀត ឬអត់ ។ ពីមុនអ្នកណាមិនល្បីថា ខ្លាចាស់នួន សូរិយា ខ្លាំងនោះ ប៉ុន្តែការដែលគេខានឡើងសង្វៀនយូរបែបនេះ មិនទាន់ដឹងថាអាចនៅខ្លាំងដូចមុនទៀត ឬយ៉ាងណានោះទេ ។ ចំណែក Gustavo ក៏អត់មានអ្នកណារាយការណ៍អំពីប្រវត្តិនៃការប្រកួតរបស់គេដែរ គ្រាន់តែដឹងតៗគ្នាថាខ្លាំងគួរសម ដូច្នេះគូនេះមានតែរង់ចាំអ៊ុតមើលលើការប្រកួតថ្ងៃនោះប៉ុណ្ណោះ ។
វៀត ប៊ុនឌឿន មកពីក្លឹបក្រសួងការពារជាតិជួប ឡុង គឹមសែន មកពីក្លឹបសាលវ័ន្តកីឡា និងម៉ន វីរៈ មកពីក្លឹបព្រែកឯងកីឡា ជួប ឆាំ រ៉ែម មកពីក្លឹបសិង្ហកីឡា ៕
ចែករំលែកព័តមាននេះ