យោងទៅតាមប្រភពព័ត៌មានដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃពុធទី១៦ ឧសភា ឆ្នាំ ២០១២ បានឱ្យដឹងថា តារាចម្រៀងព្រីតន្នីសស្ពៀរបានយល់ព្រមចុះកុងត្រាធ្វើជាគណៈមេប្រយោគក្នុងកម្មវិធី The X Factor ដែលជាកម្មវិធីប្រឡងចម្រៀងដ៏មានប្រជាប្រិយភាពត្រូវបានបង្កើតឡើងដោយលោក Simon Cowell កាលពីឆ្នាំ២០០៤ ។ ប្រភពព័ត៌មានដដែលនោះបានបន្តឱ្យដឹងទៀតថា កំពូលតារាចម្រៀងរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក Simon Cowell ស្ថាបនិកកម្មវិធី The X Factor ក្នុងតម្លៃឈ្នួល១៥លានដុល្លារសហរដ្ឋអាមេរិក ។
លោក Simon Cowell ស្ថាបនិកកម្មវិធី The X Factor បាននិយាយថា នាងព្រីតន្នីសស្ពៀរ នឹងចូលមកជំនួសតំណែងនាង Paula Abdul និង Nicole Scherzinger ដែលត្រូវបានបណ្តេញចេញហើយនាងត្រូវចាប់ដៃគូជាមួយលោក Simon Cowell និង LA Reid ក្នុងនាមជាចៅក្រមកាត់សេចក្តីក្នុងកម្មវិធីប្រឡងចម្រៀងដ៏ប្រជាប្រិយរបស់អង់គ្លេស ។ រួមជាមួយនឹងនាងព្រីតន្នីសស្ពៀរ នាង Demi Lovato ក៏ជាសមាជិកថ្មីមួយរូបដែរ ដែលត្រូវចូលរួមធ្វើការងារក្នុងកម្មវិធីនេះ ជាមួយលោក Simon Cowell ជាមួយនឹងប្រាក់ឈ្នួលប្រហែលជាង១លានដុល្លារ ។
បន្ទាប់ពីចុះហត្ថលេខារួចរាល់តារាចម្រៀងអស់គ្លេសវ័យ៣០ឆ្នាំ ព្រីតន្នីសស្ពៀរបាននិយាយថា ខ្ញុំមានក្តីរំភើបចិត្តខ្លាំងណាស់ ដោយបានចូលរួមក្នុងកម្មវិធីនេះ ពីមុនមកខ្ញុំគ្រាន់តែជាអ្នកទស្សនាតែប៉ុណ្ណោះ ។ នាងបានបន្តទៀតថា ខ្ញុំនឹងប្រឹងប្រែងធ្វើការងារនេះឱ្យបានជោគជ័យបំផុត ចំណែកឯនាង Demi Lovato ក៏បានសម្តែងនូវក្តីរំភើបដូចគ្នានេះដែរ ៕


ចែករំលែកព័តមាននេះ