ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរន្ត​អគ្គិសនី​ឆ្លង​តាម​ដើម​ឫស្សី​​​សើម​ឆក់​នាយក​សាលាម្នាក់​​ស្លាប់​ពេល​ជួយ​ប្អូន​ថ្លៃ

14 ឆ្នាំ មុន

ខេត្ត​កណ្តាល​​​​ ៖ លោក​នាយកសាលា​​បឋម​សិក្សា​​ហ៊ុន សែនចំបក់​​ ខណៈ​ទៅ​ជួយ​ទាញ​ប្អូន​ថ្លៃ​​របស់​គាត់​ដែល​កាប់​ដើម​ឫស្សី​ពេល​មេឃ​កំពុង​ភ្លៀង ហើយ​ត្រូវ​ចរន្ត​​​អគ្គិសនី​​ឆ្លង​តាម​ដើម​​ឫស្សី​​នោះ​ឆក់​ ស្រាប់​តែ​បែរ​ជា​ឆក់​​ស្លាប់​ខ្លួន​ឯងទៅ​វិញ​ ឯ​ប្អូន​ថ្លៃ​គ្រាន់​តែ​របួស​ធ្ងន់ ។ ហេតុការណ៍​នេះបាន​​កើ​តឡើង​​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៥​​ ឧសភា ​២០១២ នៅ​ក្នុង​ភូមិ​​ត្រពាំង​​ទួល​ ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ។

លោក​នាយក​សាលា​​​​ដែល​ស្លាប់​នេះ​ឈ្មោះ​ចឹក ជឿង ​អាយុ​៦២​ឆ្នាំ ​មាន​ទី​លំនៅ​ក្នុង​​ភូមិ​ខាង​លើ ​ឯ​បុរស​ជា​ប្អូន​ថ្លៃ​ដែល​រង​របួសធ្ងន់​​ឈ្មោះ​​​ភុន ស៊ីម ​អាយុ​៥៣​ឆ្នាំ ​​ជា​កសិករ​ មាន​ទី​លំនៅ​​​ក្នុង​ភូមិ​ជា​មួយ​គ្នា ។ តាម​ប្រភព​ព័ត៌មាន​​​ឱ្យ​ដឹងថា បុរស​ជា​ប្អូន​ថ្លៃ​​បាន​​​ឡើង​កាប់​ដើម​ឫស្សី​ដែល​ទ្រេត​គង​លើ​ខ្សែ​កាប​​ភ្លើង​ស្រាត​ ហើយ​ខណៈ​នោះ​​មេឃ​កំពុង​​ធ្លាក់​ភ្លៀង​​ផង​ ប៉ុន្តែ​​ដោយ​សារ​​ដើម​ឫ​ស្សី​ត្រូវ​ទឹក​ធ្វើ​ឱ្យ​ចរន្ត​​អគ្គិសនី​ឆ្លង ក៏​ឆក់​បុរស​ជា​ប្អូនថ្លៃ​នោះ​បណ្តាល​របូត​ដៃ​ ប៉ុន្តែ​​អត់​ធ្លាក់​ដល់​ដី​ទេ ​ដោយ​សារ​ជាប់​ជើង​​នឹង​ប្រគាប​​ដើម​ឫស្សី ហើយ​ក្បាល​សំយុង​ចុះ​ក្រោម​ដូច​គេ​ចង​ព្យួរ ។

ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ឃើញ​បែប​នេះ​លោក​ចឹក ជឿង បាន​ឡើង​ទៅ​ជួយ​ប្អូន​ថ្លៃ​ ហើយ​ក៏​ត្រូ​វ​ចរន្ត​​អគ្គិសនី​ឆក់​បណ្តាល​ឱ្យ​​ធ្លាក់​មក​ដី​ទាំង​ពីរ​នាក់ តែ​​លោក​បាន​ស្លាប់​ភ្លាមៗ ឯ​ប្អូន​ថ្លៃ​​រង​របួស​​ធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​៕