ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​ កម្ម​ការិនី​​រោងចក្រ​​​ ជី ជី ស៊ី ​ប្រមាណ​​200​នាក់​​​ធ្វើ​កូដ​កម្ម​​​ទាម​ទារ​​​ថ្ងៃ​ឈប់​​​​សម្រាក​

14 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ​ ៖ កម្ម​ករ​ កម្ម​កា​រិនី​ប្រមាណ​​​២០០​នាក់​​​ នៃ​​រោង​ចក្រ​​​​​ ជី ជី ស៊ី ​នៅ​តំបន់​​​សេដ្ឋ​កិច្ច​ពិ​សេស​​ ស្ថិត​ក្នុង​​ភូមិ​​ពូ​ធឿន​ ឃុំ​បិត​​ត្រាំង​​ ស្រុក​​​ព្រៃ​នប់​​ បាន​​នាំគ្នា​​​​ធ្វើ​​​​ការ​​តវ៉ា​​នៅ​​​មុខ​​​​រោង​ចក្រ​​​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​​១៦ ឧសភា ដោយ​ទាម​​ទារ​​​ឱ្យ​ខាង​​​រោង​ចក្រ​​​គោ​រព​សិទ្ធិ​​ការ​ងារ​​​កម្ម​​ករ​ កម្ម​ការិនី​​​ ព្រោះ​នៅ​​​​​ក្នុង​​ព្រះ​រាជ​​​ពិធី​​​​បុណ្យ​ចម្រើន​​​ព្រះ​ជន្ម​​​​ព្រះ​មហាក្សត្រ​​ក៏​ខាង​​​រោង​​ចក្រ​​​បង្ខំ​​ឱ្យ​​ធ្វើ​ការ​​ ដោយ​ពុំ​​មាន​​​ថ្ងៃ​ឈប់​សម្រាក​ ដែរ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ខាង​រោង​ចក្រ​​​​បាន​តម្រូវ​​​​ឱ្យ​កម្ម​ករ​ កម្ម​ការិនី​​​ធ្វើ​ការ​​​បន្ថែម​​​ម៉ោង​ទៀត​ ។

​កម្ម​ការិនី​ ស្រី មុំ ​​និយាយ​ថា ​តាម​​ច្បាប់​​ការ​ងារ​នៅ​​ថ្ងៃ​ឈប់​សម្រាក​​ កម្ម​ករ​ កម្ម​ការិនី​​​ទាំង​អស់​​ត្រូវ​​​​មាន​សិទ្ធិ​​ឈប់​សម្រាក​ ជា​ពិ​សេស​​​​ថ្ងៃ​​បុណ្យ​ចម្រើន​​​ព្រះ​ជន្ម​​​ព្រះ​​មហា​ក្សត្រ​​ ដែល​ក្នុង​ប្រតិ​ទិន​តម្រូវ​​​ឱ្យ​ឈប់​សម្រាក​​​រយៈ​ពេល​​៣​ថ្ងៃ​​ ។ ​ផ្ទុយ​ទៅ​វិញ​​​ ខាង​រោង​ចក្រ​​​​មិន​អនុ​ញ្ញាត​ឱ្យ​​​​ឈប់​ទេ ថែម​ទាំង​​បង្ខំ​ឱ្យ​​​ពួក​គេ​​​ធ្វើ​ការ​​បន្ថែម​​ម៉ោង​​​​ច្រើន​ទៀត​ ​ហេតុ​ដូចនេះ​​​ហើយ​ទើប​ពួក​គេ​​​សម្រេ​ច​ចិត្ត​​ធ្វើ​ការ​​តវ៉ា​​​​​។ ដោយ​​ឡែក​​ភាគី​ខាង​រោង​ចក្រ​​​​​បាន​​ឱ្យ​ដឹង​ថា ​ដោយ​សារ​​តែ​​​តម្រូវ​ការ​​​របស់​អតិ​ថិ​ជន​​ ដាក់​កំណត់​​​ថ្ងៃ​យក​ទំនិញ​​ ទើប​​​ខាង​រោង​ចក្រ​​​ត្រូវ​​តែ​បង្ខំ​​ចិត្ត​​ឱ្យ​កម្ម​ករ​​​ធ្វើ​ការ​បន្ថែម​ក្នុង​ថ្ងៃ​​​ឈប់​សម្រាក ។

លោក​​​ កែវ ឧត្តម​​​ ប្រធាន​ស្តី​ទី​​​​មន្ទីរ​​​ការ​ងារ​​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជី​វៈ​ខេត្ត​​​​​ឱ្យ​ដឹង​ថា ​​រហូត​មក​ដល់​​ពេល​នេះ​កម្ម​ករ​​ កម្ម​ការិនី​​ទាំង​​២០០​នាក់​​​បាន​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ​ ​បន្ទាប់​ពី​មាន​ការ​​សម្រប​សម្រួល​​​ពី​មន្ត្រីមន្ទីរ​​ការ​ងារ​ខេត្ត​​ ដោយ​តម្រូវ​​​ឱ្យ​រោង​ចក្រ​​​ ជី ជី ស៊ី ​អនុ​វត្ត​​​តាម​ច្បាប់​ការ​ងា​រ​​​ ហើយ​ប្រសិន​បើចង់​ឱ្យ​​​ធ្វើការ​​​បន្ថែម​​ ត្រូវ​សួរ​​​កម្ម​​​ករ​ កម្ម​ការិនី​ជា​​មុន​សិន​ ​បើ​​ពួក​គេ​​​​​សុខ​ចិត្ត​​​នោះ ទើប​​​រោង​​ចក្រ​​​​អាច​ធ្វើ​​​ការ​បាន​ ។ ​​​​លោក​បាន​បន្ត​ថា​ ​​លោក​បាន​ធ្វើ​​ការ​​ណែ​នាំ​​​​ខាង​រោង​​ចក្រ​​​រួច​ហើយ​​ដែរ ទាក់​​​ទិន​ទៅ​នឹង​​​សកម្ម​ភាព​​នាពេល​នេះ ៕