ខេត្តកណ្តាល ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ឧសភា ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើងហេតុស្ត្រីរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកគ្នាជាមួយរ៉ឺម៉កម៉ូតូដឹកដូងដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឱ្យដួលម៉ូតូបោកខ្លួនធ្វើឱ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ។
ស្ត្រីរងគ្រោះ ឈ្មោះអ៊ុក លក្ខិណា អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។ ក្រោយពេលកើតហេតុ ប៉ូលិសស្រុកកៀនស្វាយដឹកនាំដោយលោក ប៉ា សំអិត អធិការនគរបាលស្រុក បានចុះវាស់វែងដកហូតទាំងម៉ូតូស្ត្រីរងគ្រោះ និងរ៉ឺម៉កម៉ូតូ រួមទាំងឃាត់ខ្លួនអ្នកបើករឺុម៉កម៉ូតូបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ អ្វីដែលធ្វើឱ្យគេរន្ធត់បំផុតនោះ គឺស្ត្រីរងគ្រោះមានផ្ទៃពោះ៣ខែ ហើយជួបគ្រោះថ្នាក់ស្លាប់ចោលប្តីយ៉ាងអាណោចអាធ័មបំផុត ៕




ចែករំលែកព័តមាននេះ